ស្ត្រីមានផ្ទៃពោះច្រើនតែពិបាកនឹងគ្រប់គ្រងកម្រិតនៃសម្ពាធឈាមខ្លាំង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយប្រសិនបើសម្ពាធឈាមឡើងខ្ពស់វាអាចបង្កបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសុខភាពរបស់ម្ដាយនិងទារកក្នុងផ្ទៃ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗគ្រប់គ្រងសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះ ៖
១. កាត់បន្ថយ ឬចៀសវាងទទួលទានអាហារចៀនបំពង
ការទទួលទានអាហារសម្បូរខ្លាញ់បែបនេះញឹកញាប់ ឬសឹងតែជាប្រចាំអាចជះឥទ្ធិពលអវិជ្ជមានគួរឱ្យព្រួយបារម្ភចំពោះស្ថានភាពនៃសសៃឈាម។ ខ្លាញ់ពីអាហារចៀន ឬបំពងអាចប្រមូលផ្ដុំក្នុងជញ្ជាំងសសៃឈាមហើយបង្កបញ្ហាសម្ពាធឈាមឡើងខ្ពស់។
២. ទទួលទានថ្នាំឱ្យបានទៀងទាត់
ប្រសិនបើអ្នកត្រូវបានវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឱ្យទទួលទានថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមនោះ ចូរប្រាកដថាអ្នកបានលេបទៀងទាត់។
៣. ចៀសវាងទទួលទានគ្រឿងស្រវឹងនិងឈប់ជក់បារី
ការទទួលទានគ្រឿងស្រវឹង ឬការជក់បារីពិសេសកំឡុងពេលមានផ្ទៃពោះ គឺជាទម្លាប់ដ៏អាក្រក់បំផុតមួយដែលធ្វើឱ្យអ្នកប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៤. ធ្វើសមាធិ
គន្លឹះមួយទៀតដែលអ្នកគួរអនុវត្តតាមដើម្បីបញ្ចុះសម្ពាធឈាមនោះ គឺរៀនពីរបៀបធ្វើសមាធិ។ លំហាត់ប្រាណដង្ហើម ឬហាត់យូហ្កាក៏ល្អសម្រាប់អ្នកផងដែរ។
៥. យកចិត្តទុកដាក់លើទម្ងន់របស់អ្នក
ថ្វីត្បិតតែអ្នកនឹងត្រូវកើនទម្ងន់នៅពេលមានផ្ទៃពោះ ប៉ុន្តែត្រូវប្រាកដថាអ្នកមិនបណ្ដោយពេក។ ភាពធាត់ជ្រុលអាចបង្កើនហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់និងពិបាកពេលសម្រាលថែមទៀតផង៕