ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាការបែកញើសអាចផ្ដល់ផលល្អៗចំពោះរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនត្រឹមតែបន្ថយសីតុណ្ហភាពរាងកាយឱ្យចុះត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែការបែកញើសអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពនិងសម្រស់ផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការបែកញើស ៖
១. កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគលើស្បែក
ញើសមានផ្ទុកសារធាតុសម្លាប់មេរោគបាក់តេរីម្យ៉ាងហៅថា dermcidin ដែលបញ្ចេញដោយក្រពេញញើស eccrine ជួយកាត់បន្ថយបាក់តេរីលើផ្ទៃស្បែកខាងលើ។ នេះជាមូលហេតុដែលការបែកញើសអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗលើស្បែក។
២. កម្ចាត់ជាតិពុលពីក្នុងរាងកាយ
ស្បែកក៏អាចជួយកម្ចាត់ជាតិពុលផ្សេងៗនិងកាកសំណល់គ្រោះថ្នាក់ចេញពីរាងកាយបានដូចតម្រងនោម ថ្លើម និងពោះវៀនធំផងដែរ។ ស្បែកជាសរីរាង្គធំបំផុតនៃរាងកាយដែលយ៉ាងហោចណាស់មួយភាគបីនៃកាកសំណល់និងភាពកខ្វក់ប្រចាំថ្ងៃរបស់រាងកាយឆ្លងកាត់វាតាមរយៈញើស។ ហើយការបែកញើសជាទម្រង់មួយនៃការបន្សាបជាតិពុលពីក្នុងរាងកាយ។
៣. កាត់បន្ថយហានិភ័យនៃបញ្ហាក្រួសក្នុងតម្រងនោម
អ្នកដែលធ្វើលំហាត់ប្រាណងាយនឹងបែកញើសកាន់តែច្រើន ហើយការបែកញើសនេះអាចជួយបញ្ចេញជាតិសូដ្យូម ឬអំបិលមិនឱ្យចូលទៅក្នុងតម្រងនោមដែលទប់ស្កាត់ការវិវត្តទៅជាក្រួសក្នុងតម្រងនោម។ ម្យ៉ាងវិញទៀតអ្នកដែលធ្វើលំហាត់ប្រាណ គឺងាយនឹងទទួលទានទឹកកាន់តែច្រើន ហើយនេះក៏ជាកត្តាជួយកាត់បន្ថយហានិភ័យនៃបញ្ហាក្រួសក្នុងតម្រងនោមផងដែរ។
៤. កាត់បន្ថយក្លិនខ្លួនមិនល្អ
ក្លិនខ្លួនមិនល្អមិនមែនបណ្ដាលមកពីញើសនោះទេ ប៉ុន្តែគឺដោយសារពពួកបាក់តេរីប៉ុណ្ណោះ។ ជាធម្មតាការបែកញើសជួយកម្ចាត់ជាតិពុលចេញពីរាងកាយគួបផ្សំជាមួយរបៀបរស់នៅមានអនាម័យល្អនោះជាតិពុលក៏ថយចុះ ហើយញើសរបស់អ្នកស្ទើតែគ្មានក្លិនអ្វីឡើយ។
៥. បំបាត់ការឈឺចាប់
នេះក៏ព្រោះតែនៅពេលធ្វើលំហាត់ប្រាណដើម្បីឱ្យបែកញើស រាងកាយនឹងបញ្ចេញអ័រម៉ូន endorphins ដែលជួយបំបាត់ការឈឺចាប់បានយ៉ាងប្រសើរ។
៦. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
អ្នកប្រហែលជាសម្គាល់ឃើញថាខ្លួនឯងមានអារម្មណ៍ប្រសើរជាងមុនក្រោយពេលបែកញើសដោយសារការធ្វើលំហាត់ប្រាណ។ នេះក៏ព្រោះតែការបែកញើសបង្កើតសីតុណ្ហភាពមួយដែលរំញោចកោសិកាខួរក្បាលជួយគ្រប់គ្រងអារម្មណ៍៕