ទឹកក្រូចឆ្មារ ជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយ ហើយភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពរាងកាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗត្រឹម ១ កែវនៅពេលព្រឹកអាចជួយអោយប្រព័ន្ធរំលាយអាហារចាប់ផ្ដើមដំណើរការ និងកម្ចាត់ជាតិពុលពីរាងកាយបានយ៉ាងប្រសើរ។ ទឹកក្រូចឆ្មារមិនត្រឹមតែបំបាត់ការស្រេកទឹក និងបង្កើនអារម្មណ៍ស្រសស្រាយឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ផ្សេងៗទៀតចំពោះរាងកាយផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹក ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ទឹកក្រូចឆ្មារក្ដៅឧណ្ហមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ វាក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។ បរិមាណខ្ពស់នៃវីតាមីន C ឬអាស៊ីត ascorbic មានឥទ្ធិពលប្រឆាំងការរលាកដែលជួយទប់ទល់អាការៈនៃជំងឺហឺត ព្រមទាំងរោគសញ្ញាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដទៃទៀតគួរឱ្យកត់សម្គាល់។ វាក៏ជួយក្នុងការស្រូបយកជាតិដែកដែលធ្វើឱ្យមានភាពស៊ាំនឹងជំងឺផ្សេងៗផងដែរ។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយកាត់ហានិភ័យនៃកោសិកាមហារីក។
៣. ជួយអោយស្រកទម្ងន់
សារធាតុ polyphenol និងជាតិសសៃ pectin ដែលមានផ្ទុកក្នុងក្រូចឆ្មារជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ហើយជាទូទៅរូបមន្តសម្រកទម្ងន់បែបធម្មជាតិនេះតម្រូវឲ្យអ្នកទទួលទានទឹកក្រូចឆ្មាររៀងរាល់ព្រឹកមុនពេលទទួលទានអាហារ ឬភេសជ្ជៈអ្វីផ្សេង សូម្បីតែទឹកធម្មតា។
៤. ខ្យល់ដង្ហើមស្រស់ថ្លា
ទឹកក្រូចឆ្មារមានប្រសិទ្ធិភាពបំបាត់ក្លិនមិនល្អបានយ៉ាងឆាប់រហ័ស។ ដូច្នេះចូរព្យាយាមទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហ ប្រសិនបើអ្នកមានបញ្ហាក្លិនមាត់មិនល្អបណ្ដាលមកពីការទទួលទានអាហារក្លិនខ្លាំងផ្សេងៗ។
៥. ស្បែកស្រស់ថ្លា
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងក្រូចឆ្មារជួយបំពេញបន្ថែមជំនួសកោសិកាស្បែកងាប់ៗ។ វាជួយព្យាបាលស្នាមសំលាកនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញកោសិកាស្បែកសុខភាពល្អ។ វាក៏ជួយកម្ចាត់បាក់តេរីដែលបង្ករោគមុន ពន្យារដំណើរការនៃភាពចាស់ ហើយធ្វើឱ្យស្បែកក្មេងជាងវ័យភ្លឺរលោង។
៦. បង្កើនការរំលាយអាហារ
ការទទួលទានទឹកក្រូចឆ្មារ ១ កែវ រាល់ព្រឹកជាប្រចាំជួយទប់ស្កាត់បញ្ហាទល់លាមកប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀត ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ កែវនៅពេលអ្នកក្រោកពីគេងជួយបង្កើនចលនាប្រព័ន្ធរំលាយអាហារឱ្យរំលាយអាហារបានកាន់តែងាយ ព្រមទាំងបន្សាបជាតិពុលផ្សេងៗក្នុងរាងកាយទៀតផង។
៧. បង្កើនថាមពលខួរក្បាល
ក្រូចឆ្មារមានផ្ទុកប៉ូតាស្យូមនិងម៉ាញ៉េស្យូមខ្ពស់ដែលល្អសម្រាប់សុខភាពខួរក្បាលនិងប្រព័ន្ធសសៃប្រសាទ។ វាជួយបង្កើនអារម្មណ៍ល្អប្រសើរនិងកម្រិតថាមពលប្រឆាំងភាពស្ត្រេស ព្រមទាំងបញ្ហាជំងឺធ្លាក់ទឹកចិត្ត។
៨. ទប់ស្កាត់ក្រួសក្នុងតម្រងនោម
អាស៊ីតស៊ីទ្រិកដែលមានក្នុងទឹកក្រូចឆ្មារជួយទប់ស្កាត់បញ្ហាគ្រួសក្នុងតម្រងនោមបានយ៉ាងប្រសើរ។ ស៊ីត្រាតដែលជាសមាសធាតុមួយនៃអាស៊ីតស៊ីទ្រិកធ្វើឱ្យទឹកនោមមិនសូវមានជាតិអាស៊ីតនិងថែមទាំងអាចបំបែកគ្រួសតូចៗក្នុងតម្រងនោមទៀត។ ការទទួលទានទឹកក្រូចឆ្មារមិនត្រឹមតែធ្វើឱ្យអ្នកទទួលបាននូវស៊ីត្រាតគ្រប់គ្រាន់ឡើយ ប៉ុន្តែក៏ផ្ដល់ឱ្យរាងកាយនូវជាតិទឹកស្របតាមតម្រូវការដើម្បីទប់ស្កាត់ ឬកម្ចាត់ចោលនូវក្រួសផងដែរ៕