ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់សុខភាព ជាពិសេសហានិភ័យនៃជំងឺទឹកនោមផ្អែម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់អ្វីខ្លះអាចធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ខុសធម្មតា? ថ្ងៃវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីកត្តាមួយចំនួនដែលងាយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ៖
១. ស្ត្រេស
ភាពស្ត្រេសខ្លាំងសឹងតែរាល់ថ្ងៃអាចជាមូលហេតុគួរឱ្យកត់សម្គាល់មួយនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ពិបាកគ្រប់គ្រង។ បញ្ហានោះ គឺភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសបង្កើនចំណង់អាហារអាចបណ្ដាលឱ្យឃ្លានអាហារនិងភេសជ្ជៈផ្អែមៗខ្លាំង។
២. គេងមិនគ្រប់គ្រាន់
ការគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ពិតជាចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល រួមទាំងកម្រិតនៃជាតិស្ករក្នុងឈាម។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។
៣. ការទទួលទានភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។
៤. កង្វះជាតិទឹកក្នុងរាងកាយ
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
៥. មិនធ្វើលំហាត់ប្រាណសោះ
ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នកធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ។
៦. ជក់បារី
មិនត្រឹមតែជះឥទ្ធិពលខ្លាំងដល់សួតប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីក៏បង្កបញ្ហាជាច្រើនចំពោះសុខភាពរាងកាយពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែសារធាតុនីកូទីនក្នុងបារីអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម៕