មិនថាជាអ្វីក៏ដោយឱ្យតែច្រើនពេក ឬតិចពេក គឺមិនល្អឡើយ។ អាហារក៏ដូចគ្នា! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាអាហារសុខភាពល្អប៉ុន្តែបើទទួលទានច្រើនពេកវានឹងបង្កផលប៉ះពាល់មិនខាន។ ថាតើអាហារសុខភាពល្អអ្វីខ្លះដែលអ្នកមិនគួរញ៊ាំច្រើនពេក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ការ៉ុត

មានផ្ទុកសារធាតុ beta-carotene ដែលរាងកាយបំលែងជាវីតាមីន A។ ទោះបីជាការលើសវីតាមីន A មិនកើតមានដោយសាររាងកាយបំលែងសារធាតុ beta-carotene ទៅជាវីតាមីន A តាមតម្រូវការ ប៉ុន្តែការលើសសារធាតុ beta-carotene អាចនឹងកើតមានក្នុងរាងកាយដោយបង្កជាជំងឺ carotenemia នាំឱ្យស្បែកប្រែជាពណ៌លឿង។

២. ទឹក

ទឹក គឺចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូល។ ទោះជាយ៉ាងណាការទទួលទានទឹកច្រើនលើសពេកអាចបង្កបញ្ហាអតុល្យភាពនៃអេឡិចត្រូលីត្រហើយជះឥទ្ធិពលលើមុខងារតម្រងនោម។ ផលប៉ះពាល់ផ្សេងទៀតនៃការទទួលទានទឹកច្រើនលើស គឺការប្រមូលផ្ដុំទឹកក្នុងខួរក្បាលដែលបណ្ដាលឱ្យហើមនិងបង្កើនសម្ពាធខណៈដែលឆ្អឹងលលាដ៏ក្បាលរបស់មនុស្សមិនអាចរីក ឬលាតសន្ធឹងបាន។ ទោះបីជាកម្រ ប៉ុន្តែបញ្ហានេះនៅតែកើតមានពិសេសចំពោះអ្នកមានបញ្ហាតម្រងនោម។

៣. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងវីតាមីនសំខាន់ៗជាច្រើន។ វាអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អនិងរក្សាសុខភាពកោសិកាតាមរយៈជាតិខ្លាញ់ monosaturated ដែលមានផ្ទុក។ ទោះជាយ៉ាងណាខ្លាញ់នៅតែជាខ្លាញ់ គឺអាចបង្កផលប៉ះពាល់ដល់សសៃឈាមបាន។ ម្យ៉ាងវិញទៀតផ្លែបឺរមានផ្ទុកកាឡូរីខ្ពស់ដែលអាចបង្កបញ្ហាពិបាករំលាយនៅពេលទទួលទានច្រើន។ ហើយកាឡូរីច្រើនពេកអាចបង្កបញ្ហាស្ទះសសៃឈាម។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានផ្លែបឺរលើសពី ១ ផ្លែក្នុងមួយថ្ងៃឡើយ។

៤. មើមឆៃថាវក្រហម

ជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែចាំបាច់។ វាក៏មានផ្ទុក nitric oxides ដែលរាងកាយបំលែងជានីត្រាតជួយបញ្ចុះសម្ពាធឈាមផងដែរ។ បន្ទាប់មកនីត្រាតក៏ត្រូវបំលែងជាសារធាតុ nitrosamines ដែលអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗគួរឱ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានច្រើនលើសពេក ពិសេសចៀសវាងញ៊ាំលាយជាមួយសាច់ក្រហម។

៥. សណ្ដែកសៀង

សណ្ដែកសៀង ព្រមទាំងអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់រួមបញ្ចូលទាំងវីតាមីន B ជាតិសសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងប្រូតេអ៊ីនគុណភាពខ្ពស់។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីដនោះគួរប្រយ័ត្នក្នុងការទទួលទានសណ្ដែកសៀង ឬអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀង។ សណ្ដែកសៀងមានឥទ្ធិពលធ្វើឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការយឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើនពេកក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី៕