គ្មាននរណាម្នាក់ចង់មានស្នាមសំលាកលើស្បែកឡើយ ដូច្នេះទើបអ្នកមួយចំនួនសុខចិត្តចំណាយប្រាក់មិនស្ដាយដើម្បីទទួលបានស្បែករលោងស្រស់ស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមិនចាំបាច់ចំណាយប្រាក់ក៏អ្នកអាចបំបាត់ស្នាមសំលាក ឬធ្វើឱ្យវាមើលលែងសូវឃើញផងដែរតាមរយៈការអនុវត្តរូបមន្តធម្មជាតិមួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព​ Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗបំបាត់ស្នាមសំលាក ឬធ្វើឱ្យវាមើលលែងសូវឃើញដូចមុន ៖

១​. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមសំលាកក្នុងចលនាបែបរង្វង់ថ្នមៗ។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។

២. ថ្នាំគ្រាប់វីតាមីន E

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់វីតាមីន E គ្រាប់ដើម្បីយកប្រេងលាបលើស្នាមសំលាក។ លាបម៉ាស្សាប្រេងវីតាមីន E លើស្នាមសំលាកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។

៣. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងពី ២ ទៅ ៣ ស្លាបព្រាបាយ រួចលាបម៉ាស្សាប្រេងដូងលើស្នាមសំលាកសម្រាប់រយៈពេលប្រហែល ១០ នាទី។ ទុករហូតដល់ស្បែកស្រូបយកជាតិប្រេងយ៉ាងហោចណាស់ ១ ម៉ោង។ អនុវត្តឱ្យបានពី ២ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៤. ចេកទុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាថ្នមៗលើស្នាមសំលាកសម្រាប់រយៈពេល ១០ នាទី និងទុកចោលពេញមួយយប់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៥. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយជាមួយទឹក ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយលើផ្ដិតៗលើស្នាមសំលាកនិងទុកចោលរហូតដល់ស្ងួត។ អនុវត្តរាល់យប់មុនចូលគេង ហើយលាងសម្អាតចេញនៅពេលព្រឹក។

៦. ដំឡូងបារាំង

ហាន់ដំឡូងបារាំងជាបន្ទះក្រាស់មូល។ យកបន្ទះដំឡូងមកដុសថ្នមលើស្នាមសំលាកនៅពេលបន្ទះដំឡូងចាប់ផ្ដើមស្ងួតសឹមប្ដូរថ្មីរួចបន្តរហូតសម្រាប់រយៈពេល ២០ នាទី។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ៕