អាហារនិងភេសជ្ជៈជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយទាំងមូលរួមទាំងបញ្ហាឡើងមុនលើស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីដែលអ្នកគួរ ឬមិនគួរទទួលទានដើម្បីទប់ស្កាត់បញ្ហាមុន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទាន ឬចៀសវាងប្រសិនបើមិនចង់កើតមុន ៖
- អាហារនិងភេសជ្ជៈគួរទទួលទាន
១. បន្លែបៃតង
ការទទួលទានបន្លែបៃតង គឺប្រសើរណាស់សម្រាប់សុខភាពស្បែកទប់ស្កាត់ការឡើងមុន។ នេះក៏ព្រោះតែអាហារនេះជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសសៃ វីតាមីន និងជាតិរ៉ែដែលអាចកម្ចាត់រាល់ជាតិពុលពីក្នុងរាងកាយ ហើយទប់ស្កាត់ការកកើតឡើងនូវជាតិប្រេងនិងញើសច្រើនលើសលើស្បែក។ មិនត្រឹមតែប៉ុណ្ណឹងទេ! ការទទួលទានបន្លែបៃតងក៏ជួយផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកដូច្នេះអ្នកនឹងរក្សាបាននូវស្បែកមានសុខភាពល្អទន់រលោងស្រស់ស្អាតគ្រប់ពេលផងដែរ។
២. ទឹកក្រូចច្របាច់ស្រស់
ភេសជ្ជៈនេះជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាស្បែកជួយទប់ស្កាត់រោគមុន។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនបន្ថែមស្ករក្នុងទឹកក្រូច។
៣. គ្រាប់ធញ្ញជាតិ
អាហារមួយប្រភេទដែលជួយទប់ស្កាត់មុនលើស្បែកនោះ គឺគ្រាប់ធញ្ញជាតិដែលជាប្រភពដ៏ប្រសើរនៃវីតាមីន E។ វីតាមីននេះក៏ជួយការពារស្បែកប្រឆាំងនឹងពន្លឺព្រះអាទិត្យគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៤. ត្រីសម្បូរខ្លាញ់
កុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រសិនបើចង់រក្សាសុខភាពស្បែកល្អប្រសើរចៀសផុតបញ្ហាមុន។ នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលរាងកាយត្រូវការដើម្បីរក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាស្បែកផ្សេងៗ។
- អាហារនិងភេសជ្ជៈគួរចៀសវាង
១. ជាតិអាល់កុល ឬគ្រឿងស្រវឹង
អ្នកជំនាញផ្នែកថែរក្សាស្បែកបានអោយដឹងថា ការទទួលទានជាតិអាល់កុល គឺជារឿងដ៏អាក្រក់បំផុតមួយចំពោះសុខភាពស្បែក។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណផ្ដល់ប៉ះពាល់ជាច្រើន ហើយទីមួយនោះ គឺជាតិអាល់កុលបង្កការរំខានដល់អ័រម៉ូនដែលនឹងនាំឱ្យកើតមុន។ ទីពីរនោះ គឺវាធ្វើអោយប្រព័ន្ធភាពស៊ាំនៃរាងកាយត្រូវចុះខ្សោយដោយការជំនួសបាក់តេរីសំខាន់ៗនៅក្នុងពោះវៀន។ ទីបីនោះ គឺជាតិអាល់កុលធ្វើអោយស្បែកប្រែជាស្ងួត បាត់បង់សំណើម ហើយថែមទាំងធ្វើឱ្យអ្នកមើលទៅដូចហើមៗផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ឬក៏ទទួលទានក្នុងកម្រិតតិចតួច។
២. អាហារធ្វើឡើងពីទឹកដោះគោ
ទឹកដោះគោស្រស់មានផ្ទុកអ័រម៉ូនលូតលាស់ដែលធ្វើឱ្យក្រពេញខ្លាញ់កាន់តែសកម្ម ជាលទ្ធផលស្បែករបស់អ្នកនឹងឡើងខ្លាញ់ច្រើនដែលងាយកើតមុន។ លើសពីនេះទៅទៀត ទឹកដោះគោគុណភាពទាបដែលមានប្រភពពីគោដែលត្រូវបានចិញ្ចឹមឱ្យស៊ីពោត និងសណ្ដែកសៀង មិនមែនស្មៅឡើយ គឺសម្បូរណាស់ ហើយប្រសិនបើអ្នកទទួលទានចំទឹកដោះគោគ្មានគុណភាពច្រើនអ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហានៃរោគមុន។ ហើយចំពោះអ្នកចាញ់ឡាក់តូសវិញ ប្រសិនបើទទួលទានទឹកដោះគោក៏អាចនឹងជួបប្រទះបញ្ហាស្បែកជាច្រើនដូចជា រោគមុន និងជំងឺសើស្បែកត្រអក។
៣. សាច់កែច្នៃ
សាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។
៤. ទឹកផ្លែឈើកំប៉ុង ឬដប
ទឹកផ្លែឈើប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនចាញ់ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងឡើយ! ជាតិស្ករនៅក្នុងទឹកផ្លែឈើកំប៉ុង ឬដបផ្ដល់ផលអាក្រក់គួរឱ្យព្រួយបារម្ភចំពោះស្បែក ដោយវាបំបែកកូឡាជែនដ៏សំខាន់ក្នុងស្បែក។ លើសពីនេះទៅទៀត ទឹកផ្លែឈើកំប៉ុង ឬដបគ្មានផ្ទុកជាតិសសៃដែលស្បែកត្រូវការចាំបាច់គ្រប់គ្រាន់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរចំពោះសុខភាពស្បែកជៀសផុតពីជាតិពុល ក៏ដូចជាបញ្ហានានា ហើយទទួលបាននូវវីតាមីន និងជាតិរ៉ែល្អៗ អ្នកអាចកិនផ្លែឈើស្រស់ ឬបន្លែជាភេសជ្ជៈយកមកទទួលទានដោយខ្លួនឯង ជំនួសការទិញទឹកផ្លែឈើកំប៉ុង ឬដបមកទទួលទាន។អ្នកក៏អាចទទួលទានផ្លែឈើស្រស់ៗតែម្ដងដើម្បីទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនពេញលេញដែលមានផ្ទុកក្នុងផ្លែឈើ។
៥. អាហារបំពង ឬចៀន
អាហារប្រភេទនេះភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលបង្កបញ្ហាមុនបានយ៉ាងាយលើស្បែក។ ជាតិខ្លាញ់ ក៏ដូចជាជាតិប្រេងក្នុងអាហារបំពងកែច្នៃអាចធ្វើឱ្យស្បែកគ្មានសុខភាពល្អនិងថែមទាំងប្រមូលផ្ដុំខ្លាញ់ហួសប្រមាណទៀតផង៕