របបអាហារជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមបញ្ចូលទាំងភាពរឹងមាំនៃក្រចក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយពង្រឹងសុខភាពក្រចក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ដោះស្រាយបញ្ហាក្រចកផុយស្រួយឆាប់បាក់ ៖

១. ផ្សិត

មានផ្ទុកសារធាតុបាយអូទីនខ្ពស់ រួមជាមួយសារធាតុចិញ្ចឹមសុខភាពល្អ ព្រមទាំងជាតិរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់សុខភាពក្រចករឹងមាំ។

២. ត្រី

ត្រីជាអាហារមួយប្រភេទដែលអ្នកគួរព្យាយាមទទួលទានដើម្បីពង្រឹងសុខភាពក្រចក។ នេះក៏ព្រោះតែត្រីជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលក្រចកត្រូវការដើម្បីរក្សាភាពរឹងមាំ។ ប្រូតេអ៊ីនក្នុងត្រីអាចបង្កើនការផលិតកូឡាជែននិងសារធាតុ keratin ដែលចាំបាច់សម្រាប់សក់និងក្រចក។

៣. គ្រាប់អាល់ម៉ុន

អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារដើម្បីភាពរឹងមាំនិងសុខភាពល្អនៃក្រចក គឺគ្រាប់អាល់ម៉ុន។ គ្រាប់ធញ្ញជាតិនេះជាប្រភពដ៏ប្រសើរបំផុតមួយនៃស័ង្កសី ម៉ាញ៉េស្យូម សេលេញ៉ូម ទង់ដែងនិងម៉ង់កាណែស រួមទាំងបាយអូទីនដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពក្រចក។

៤. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក

ក្រចកអាចប្រែជាផុយស្រួយឆាប់បាក់នៅពេលរាងកាយជួបប្រទះបញ្ហាខ្វះជាតិដែក។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរបង្កើនការទទួលទានអាហារមានផ្ទុកជាតិដែកខ្ពស់ដើម្បីរក្សាភាពរឹងមាំនៃក្រចក។

៥. ស៊ុត

ចូរព្យាយាមទទួលទានស៊ុតជាប្រចាំប្រសិនបើចង់ឱ្យក្រចករឹងមាំមានសុខភាពល្អ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីន រួមទាំងប្រតេអ៊ីននិងសារធាតុចិញ្ចឹមច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពក្រចក៕