អង្គែស្បែកក្បាលមាន ២ ប្រភេទ គឺមួយកើតឡើងដោយសារការផលិតជាតិប្រេងច្រើនលើសនិងភាពស្ងួតពេកនៃស្បែកក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហាអង្គែក៏បណ្ដាលមកពីការមិនកក់សក់ទៀងទាត់ ការប្រើប្រាស់សាប៊ូខុស និងការទទួលទានចំណីអាហារផងដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីដ៏ងាយបំផុតកម្ចាត់អង្គែចេញពីស្បែកក្បាល ដោយចំណាយអស់តិចតែមានប្រសិទ្ធិភាពខ្ពស់ ៖

១. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយទឹកធម្មតាចំនួន ២ ពែងជាមួយទឹកខ្មេះផ្លែប៉ោម ២ ពែង។ កូរឱ្យសព្វ សឹមចាក់ល្បាយចូលដបស្ព្រៃយ៍ ឬដបដែលមានក្បាលបាញ់។ បន្ទាប់មកចាប់ផ្ដើមបាញ់ឱ្យពេញគល់នៃសក់របស់អ្នក។ ចងសក់ឡើង ហើយយករុំសក់ជាមួយថង់ផ្លាស្ទិក។ ទុកចោលបែបនេះសម្រាប់រយៈពេលពី ១៥ នាទី ទៅ ១ ម៉ោង អាស្រ័យលើប្រភេទនៃសក់របស់អ្នកវែង ឬខ្លី​ ក្រាស់ ឬស្ដើង។ ចុងក្រោយគ្រាន់តែកក់សម្អាតសក់ជាមួយសាប៊ូកក់សក់និងក្រែមបន្ទន់ដូចធម្មតាជាការស្រេច។ គួរអនុវត្តឱ្យបានពី ២ ទៅ ៣ ដងរាល់សប្តាហ៍។

២. ថ្នាំអាស្ពីរីន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនថ្នាំអាស្ពីរីន ២ គ្រាប់ឱ្យម៉ដ្ឋរួចលាយវាក្នុងសាប៊ូកក់សក់ដែលអ្នកប្រើរាល់ពេលកក់សម្អាតសក់។ កុំភ្លេចកក់ម៉ាស្សាឱ្យដល់ស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ នាទីសឹមលាងសម្អាតចេញ ហើយកក់សក់ជាមួយសាប៊ូម្ដងទៀតជាការស្រេច។

៣. យ៉ាអួនិងម្រេចខ្មៅ

លាយម្រេចខ្មៅម៉ដ្ឋចំនួន ២ ស្លាបព្រាបាយជាមួយយ៉ាអួ ១ ពែង។ កូរឱ្យសព្វ សឹមលាបល្បាយនេះផ្ទាល់លើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោង។ លាងសម្អាតចេញហើយកក់សក់ជាមួយសាប៊ូដូចពេលធម្មតា។

៤. ប្រេងដូង និងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើនោះ គឺលាយប្រេងដូងចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឲ្យសព្វ សឹមលាបល្បាយលើសក់ និងស្បែកក្បាល។ ម៉ាស្សាឲ្យពេញក្បាលសម្រាប់រយៈពេល ២ ទៅ ៣ នាទី រួចទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមកក់សក់ចេញជាមួយសាប៊ូជាការស្រេច។

៥. ម្សៅ Baking Soda

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង ហើយប្រើប្រាស់ល្បាយនេះជំនួសសាប៊ូកក់សក់។

៦. ទឹកឃ្មុំ

ជាដំបូងត្រូវផ្សើមសក់សិន។ បន្ទាប់មកលាយទឹកឃ្មុំជាមួយទឹក (ទឹកឃ្មុំ ៩០ភាគរយនិងទឹក ១០ ភាគរយ)។ លាបល្បាយទឹកឃ្មុំលើស្បែកក្បាលសម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី បន្ទាប់មកទុកចោលលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ​ ៣ ម៉ោង សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕