បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយក្រៅពីកត្តាហ្សែន របៀបរបបក្នុងការរស់នៅ និងការធ្វើលំហាត់ប្រាណជាប្រចាំនោះរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរទប់ស្កាត់ជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អចំពោះបេះដូង ៖

១. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនដែលប្រសើរចំពោះសុខភាពបេះដូង។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

២. ត្រីសម្បូរខ្លាញ់

ក្រៅពីផ្ដល់អោយរាងកាយនូវបរិមាណប្រូតេអ៊ីនចាំបាច់ហើយនោះ ការទទួលទានត្រីសម្បូរខ្លាញ់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ លើសពីនេះទៅទៀត ត្រីក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូង ខួរក្បាល អារម្មណ៍ និងសន្លាក់គួរឱ្យកត់សម្គាល់។ 

៣. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ។

៤. ផ្លែប៉ោម​​​

ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុតសម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុតពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។

៥. សាច់មាន់

ក្រៅពីប្រូតេអ៊ីនហើយនោះ សាច់មានក៏ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សុខភាពបេះដូងផងដែរ។ ទោះជាយ៉ាងណា ចូរជ្រើសរើសសាច់ទ្រូងមកទទួលទានក៏ព្រោះផ្នែកនេះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ប៉ុន្តែជាតិខ្លាញ់មិនល្អនិងកូឡេស្តេរ៉ូលទាប។

៦. ផ្លែទទឹម

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។

៧. ផ្លែបឺរ 

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀតផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C សារធាតុ carotenoids និងជាតិសសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសសៃឈាមបេះដូង។ ខណៈដែលជាតិសសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។

៨. ស្ពៃក្ដោបពណ៌ស្វាយ

វាជាការសំខាន់ដែលអ្នកត្រូវរក្សាឱ្យបាននូវសុខភាពបេះដូងល្អគ្រប់ពេល ដើម្បីទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។ ហើយវិធីដ៏ល្អដើម្បីរក្សាបាននូវសុខភាពបេះដូងនោះ គឺការបន្ថែមបន្លែផ្លែឈើពណ៌ស្វាយចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ anthocyanins ដែលមានវត្តមានក្នុងស្ពៃក្ដោបពណ៌ស្វាយអាចជួយធានាបានថាបេះដូងរបស់អ្នកស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរបំផុតមួយគ្រប់ពេល។

៩. ផ្លែគីវី

ក្រៅពីជាតិប៉ូតាស្យូម ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយរក្សាពង្រឹងសុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង ចូរព្យាយាមទទួលទានផ្លែគីវីឱ្យបានទៀងទាត់។

១០. សណ្ដែក

ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ អ្នកក៏គួររួមបញ្ចូលសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ នោះក៏ព្រោះតែសណ្ដែកជាប្រភពដ៏ល្អនៃប្រូតេអ៊ីន រួមទាំងជាតិសសៃដែលចាំបាច់សម្រាប់សុខភាពសសៃឈាមបេះដូង។ ជាតិសសៃជួយរក្សាសុខភាពបេះដូងដោយកាត់បន្ថយកម្រិតនៃកូឡេ
ស្តេរ៉ូលមិនល្អ និងបញ្ចុះសម្ពាធឈាម៕