ក្រៅពីស្ត្រេស ការប្រើប្រាស់ឧបករណ៍ ក៏ដូចជាផលិតផលលេងម៉ូដសក់មួយចំនួន ព្រមទាំងទម្លាប់នៃការទទួលទានអាហារក៏ជះឥទ្ធិពលមិនល្អលើសុខភាពសក់ដែលនាំឱ្យស្ដើងជាងមុនផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភបញ្ហាសក់ស្ដើងមិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានឥទ្ធិពលលើការលូតលាស់នៃសក់ ៖
១. ត្រីសម្បូរខ្លាញ់
មួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលបង្កបញ្ហាសក់ជ្រុះ គឺការរលាក! ទោះជាយ៉ាងណាការរលាកក្នុងរាងកាយអាចគ្រប់គ្រងបានដោយមានជំនួយពីអាស៊ីតខ្លាញ់អូមេហ្កា ៣។ ហើយប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់នេះ គឺត្រីសម្បូរខ្លាញ់។ អាស៊ីតខ្លាញ់អូមេហ្កា ៣ មានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពស្បែកក្បាលដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់។ ម្យ៉ាងវិញទៀតត្រីសម្បូរខ្លាញ់ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន D និងអាស៊ីតអាមីណូដែលមានឥទ្ធិពលជួយឱ្យសក់លូតលាស់បានឆាប់រហ័សផងដែរ។
២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
ក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានលើសពីមួយក្ដាប់ពេញក្នុងមួយថ្ងៃឡើយ។
៣. ស៊ុត
ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃ គឺល្អណាស់សម្រាប់អ្នកកំពុងជួបប្រទះបញ្ហាសក់ជ្រុះ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីនវីតាមីន B មួយប្រភេទដែលមានប្រសិទ្ធភាពទប់ស្កាត់បញ្ហាសក់ជ្រុះ។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់ពង្រឹងឬសនៃសក់ផងដែរ។
៤. សាច់គ្មានខ្លាញ់
អ្នកក៏គួររួមបញ្ចូលសាច់គ្មានខ្លាញ់ក្នុងរបបអាហារផងដែរដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាសក់ជ្រុះ។ សាច់គ្មានខ្លាញ់មានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ដែលល្អសម្រាប់សុខភាពសក់។
៥. ដំឡូងផ្អែម
ជាប្រភពនៃសារធាតុ beta carotene និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សក់ផងដែរ៕