អាការៈក្អកជាបញ្ហាគួរឱ្យរំខានមួយនិងមិនងាយបាត់ទៅវិញដោយឯកឯងលឿនប៉ុន្មានឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីថ្នាំពេទ្យក៏នៅមានអាហារមួយចំនួនអាចជួយព្យាបាលអាការៈក្អកនិងបំបាត់អាការៈរមាស់ក្នុងបំពង់បានយ៉ាងប្រសើរផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈក្អកស្ងួតបានឆាប់រហ័សប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ៖

១. ឪឡឹក

មានផ្ទុកសម្បូរទៅដោយជាតិទឹកដែល​ប្រសើរសម្រាប់បំបាត់អាការៈក្អកស្ងួតនិងរមាស់បំពង់ក។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនលើសកម្រិតពេកដែរ។

២. បឺរី

ក៏មានផ្ទុកជាតិទឹកខ្ពស់ដូចផ្លែឪឡឹកដែរ។ នេះមានន័យថាការទទួលទានផ្លែបឺរីជាប្រចាំអាចជួយបំពេញជាតិទឹកក្នុងរាងកាយ ហើយសម្រាលអាការៈក្អកស្ងួតបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតបឺរីជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។

៣. ក្រូច

ក្រៅពីមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ ការទទួលទានក្រូចក៏ប្រសើរដើម្បីបំបាត់អាការៈក្អកស្ងួតឆាប់រហ័សផងដែរ។ អ្នកអាចទទួលទានទឹកក្រូចច្របាច់ស្រស់ដោយមិនបន្ថែមស្ករ ឬគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួមបន្ថែមទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាចូល។ កូរឱ្យសព្វសឹមទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។

៤. ល្ហុងទុំ

ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene វីតាមីន C​ និងវីតាមីន E ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការរលាកនិងបំបាត់អាការៈក្អកស្ងួត។

៥. ផ្លែប៉ោម

តើអ្នកធ្លាប់ដឹងទេថាការទទួលទានផ្លែប៉ោម ១ ឬ ២ ផ្លែក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈក្អកស្ងួត? មិនត្រឹមតែជាប្រភពដ៏ល្អនៃវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិទឹកផងដែរ។

៦. ផ្កាខាត់ណាខៀវ

បន្លែដែលប្រសើរបំផុតដែលអ្នកគួរទទួលទានដើម្បីបំបាត់អាការៈក្អកស្ងួត គឺផ្កាខាត់ណាខៀវ។ នេះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិទឹក។

៧. ទឹកឃ្មុំ

ជារូបមន្តបែបធម្មជាតិដ៏ល្អបំផុតមួយសម្រាប់ព្យាបាលអាការៈក្អកស្ងួត! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។ ឬក៏អ្នកអាចលាយទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសឹមទទួលទានក៏មានឥទ្ធិពលប្រសើរដូចគ្នា!

៨. ស៊ុបមាន់

ការទទួលទានស៊ុបមាន់នៅពេលក្អកស្ងួត គឺល្អណាស់ដើម្បីបំបាត់អាការៈនេះឆាប់រហ័ស។ ស៊ុបមាន់ជួយបំពេញសារធាតុរាវបន្ថែមដល់រាងកាយ ហើយក៏ផ្ដល់នូវប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីទប់ទល់នឹងមេរោគឆ្លងផងដែរ។

សម្គាល់៖ ប្រសិនបើអាការៈក្អកស្ងួតមិនព្រមបាត់ទៅវិញសោះ ឬកាន់តែធ្ងន់ធ្ងរឡើងត្រឹមរយៈពេលប៉ុន្មានថ្ងៃ ហើយអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតរួមមានក្ដៅខ្លួនជាដើម ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ៕