ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាប្រភេទនៃអាហារមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើបញ្ហាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួនដែលជះឥទ្ធិពលដល់អារម្មណ៍ ៖

១. កាហ្វេអ៊ីន

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលនឹងធ្វើអោយបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ ហើយដូចបានរៀបរាប់ខាងលើកង្វះជាតិទឹកក្នុងរាងកាយជាកត្តាចម្បងមួយនៃបញ្ហាអារម្មណ៍ប្រែប្រួលឆាប់រហ័ស។

២. ផលិតផលអាហារផ្សំឡើងពីម្សៅចម្រាញ់

នំគុកឃី នំស្រួយ ភីហ្សាជាដើមសុទ្ធតែធ្វើឡើងពីម្សៅចម្រាញ់ដែលជាអ្វីមួយផ្សារភ្ជាប់នឹងការរលាក។ ហើយអ្នកគួរដឹងថាការរលាក គឺជាអ្វីមួយដែលជះឥទ្ធិពលកាន់តែគួរឱ្យព្រួយបារម្ភនៅពេលអ្នកកំពុងស្ត្រេស ឬមានអារម្មណ៍តានតឹង។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬចៀសវាងការទទួលទានអាហារផ្សំឡើងពីម្សៅចម្រាញ់ក្នុងអំឡូងពេលនេះ។

៣. អាហារមានផ្ទុកជាតិស្ករខ្ពស់

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ ហើយអ្នកនឹងមានអារម្មណ៍កាន់តែស្ត្រេសខ្លាំងនៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះ។ ម្យ៉ាងវិញទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៤. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងមិនអាចជួយឱ្យអ្នកបាត់ស្ត្រេសដូចដែលធ្លាប់បានគិតឡើយ! ការពិតនោះគឺគ្រឿងស្រវឹងមានតែផ្ដល់ឱ្យរាងកាយពេញទៅដោយជាតិពុលដែលពិបាកនឹងកម្ចាត់ចោល ឬបញ្ចេញមកក្រៅពិសេសកំឡុងពេលអ្នកកំពុងស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ស្រាប់។ លើសពីនេះទៅទៀតការទទួលទានគ្រឿងស្រវឹងមិនជួយឱ្យអ្នកគេងបានស្កប់ឡើងដែលជាហេតុធ្វើឱ្យក្រោកមកអស់កម្លាំងមិនស្រស់ស្រាយនៅព្រឹកបន្ទាប់។

៥. អាហារកែច្នៃ

អាហារប្រភេទនេះគ្មានផ្ទុកសារធាតុចិញ្ចឹមនិងជាតិរ៉ែចាំបាច់ដែលរាងកាយត្រូវការដើម្បីគ្រង់គ្រងស្ត្រេសឡើយ ប៉ុន្តែបែរជាមានផ្ទុកសម្បូរទៅដោយសារធាតុរក្សាទុកបានយូរ គ្រឿងផ្សំកែច្នៃបន្ថែមរសជាតិ និងសារធាតុគីមីផ្សេងៗដែលមិនល្អចំពោះសុខភាពទៅវិញ៕