របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយ និងសម្រស់ល្អប្រសើរ ជាពិសេសនៅឈានដល់វ័យខ្ទង់ ៤០ ឆ្នាំទៅហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរចៀសវាងទទួលទានច្រើនពេលឈានដល់វ័យខ្ទង់ ៤០ ឆ្នាំដើម្បីជៀសផុតពីបញ្ហាសុខភាពផ្សេងៗ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. អាហារចៀន ឬបំពង
អាហារចៀនបំពងភាគច្រើនមានផ្ទុកសម្បូរទៅដោយខ្លាញ់ឆ្អែតដែលមិនល្អចំពោះសុខភាព ពិសេសបង្កើនហានិភ័យនៃជំងឺស្ទះសសៃឈាមតែម្ដង។ វាក៏អាចបង្កបញ្ហាលើសសម្ពាធឈាមនិងជំងឺជាច្រើនផ្សេងទៀតគួរឱ្យព្រួយបារម្ភពិសេសនៅពេលអ្នកកំពុងស្ថិតក្នុងវ័យខ្ទង់ ៤០ ឆ្នាំស្រាប់។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជាប្រេងអូលីវ។
២. ជាតិផ្អែមសិប្បនិម្មិត
ស្ករ ឬជាតិផ្អែមសិប្បនិម្មិតមិនផ្ដល់ជាតិកាឡូរីដល់រាងកាយដែលធ្វើអោយរាងកាយមិនអាចគ្រប់គ្រងការឃ្លានបាន។ ហើយជាតិផ្អែមសិប្បនិម្មិតក៏ផ្សារភ្ជាប់ជាមួយជំងឺមហារីក បង្កើនកម្រិតនៃជាតិគ្លុយកូស និងបន្ថយសមត្ថភាពឆ្លើយតបទៅនឹងអាំងស៊ុយលីនផងដែរ។ ហើយបញ្ហាទាំងនេះបង្កើនហានិភ័យនៃជំងឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយ ការស្តុកទុកនូវជាតិខ្លាញ់ ជំងឺសសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។
៣. ជាតិកាហ្វេអ៊ីន
ក្រៅពីផលពាល់ដល់ដំណេកហើយនោះ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកក៏បណ្ដាលអោយអ្នកឆាប់ចាស់ជាងវ័យផងដែរ។ ហើយក៏មិនខុសពីគ្រឿងស្រវឹង ការទទួលទានជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃភាពធាត់ជ្រុលដោយរាងកាយមិនអាចដុតបំផ្លាញកាឡូរីនៃកាហ្វេអ៊ីន។
៤. អាហារកំប៉ុង
ក៏ព្រោះអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិស្ករ អំបិល និងជាតិខ្លាញ់មិនល្អខ្ពស់ ប៉ុន្តែមិនសូវសម្បូរសារធាតុចិញ្ចឹមចាំបាច់ រួមទាំងជាតិសសៃដែលបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភចំពោះសុខភាព។
៥. សាច់កែច្នៃ
ភាគច្រើននៃសាច់កែច្នៃមានផ្ទុកសារធាតុ nitrates ដែលបង្កបញ្ហានៃជំងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរជៀសអោយផុតពីការទទួលទានសាច់ដែលមានផ្ទុកសារធាតុ nitrates។ លើសពីនេះទៅទៀត សាច់កែច្នៃ ក៏ជាប្រភពនៃជាតិខ្លាញ់មិនល្អ និងជាតិប្រៃខ្ពស់ដែលមិនល្អចំពោះសុខភាពបេះដូងផងដែរ។
៦. ភីហ្សា
អ្នកដែលកំពុងស្ថិតក្នុងវ័យខ្ទង់ ៤០ ឆ្នាំគួរចៀសវាងទទួលទានភីហ្សាញឹកញាប់។ នេះក៏ព្រោះតែភីហ្សាភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ សាច់កែច្នៃ ព្រមទាំងម្សៅចម្រាញ់ដែលអាចបង្កការរលាករ៉ាំរ៉ៃក្នុងរាងកាយបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតរួមមានអាការៈឈឺសន្លាក់និងជំងឺបេះដូងជាដើម៕