កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរឹងបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតផង។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរ ឬមិនគួរទទួលទានកំឡុងពេលមានផ្ទៃពោះ ៖

  • អាហារគួរទទួលទាន

១. សណ្ដែកពពួក Legumes

ការទទួលទានសណ្ដែកពពួក Legumes រួមមានសណ្ដែកខៀវ ឬសណ្ដែកក្រហមជាដើមកំឡុងពេលមានផ្ទៃពោះ គឺល្អណាស់សម្រាប់សុខភាពទារកក្នុងផ្ទៃ។ នោះក៏ព្រោះតែសណ្ដែកទាំងនេះជាប្រភពដ៏ប្រសើរនៃកាល់ស្យូម ជាតិ folate ជាតិសសៃ ជាតិដែក និងប្រូតេអ៊ីន។

២. ត្រីសាលម៉ុន

នៅចុងត្រីមាសដំបូងខួរក្បាលរបស់ទារកចាប់ផ្ដើមលូតលាស់អភិវឌ្ឍកាន់តែលឿនជាងផ្នែកដទៃទៀតនៃរាងកាយ។ ដូច្នេះការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និង DHA គឺសំខាន់ណាស់ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់បន្ថែមជួយក្នុងដំណើរការនេះ។ ហើយត្រីសម្បូរខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់អូមេហ្គា ៣ និងDHA។ ត្រីសាលម៉ុនមានផ្ទុកជាតិបារ៉តទាប។ អ្នកមិនគួរទទួលទានលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។

៣. ស៊ុត

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការ។ លើសពីនេះទៅទៀត ស៊ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ choline និង Folic acid ដែលសំខាន់ជួយការអភិវឌ្ឍខួរក្បាល និងឆ្អឹងខ្នងរបស់ទារកក្នុងផ្ទៃ។ ការទទួលទានអាហារមានផ្ទុកសារធាតុ choline គ្រប់គ្រាន់កំឡុងពេលមានផ្ទៃពោះក៏ជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសសៃប្រសាទរបស់ទារកផងដែរ។

៤. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម សារធាតុ Folate ជាតិសសៃ ជាតិដែក ប៉ូតាស្យូម វីតាមីន A វីតាមីន C និងវីតាមីន K។ ហើយពិតណាស់ការទទួលទានបន្លែបៃតងអាចជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ព្រមទាំងអាការៈទល់លាមកដែលកើតឡើងកំឡុងពេលមានផ្ទៃពោះបានយ៉ាងប្រសើរ។

៥. សាច់គ្មានខ្លាញ់

សាច់គ្មានខ្លាញ់ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនគុណភាពខ្ពស់។ លើសពីនេះទៅទៀតសាច់ប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិដែកដែលរាងកាយត្រូវការចាំបាច់កំឡុងពេលមានផ្ទៃពោះ។

៦. អាហារផ្សំឡើងពីទឹកដោះគោ

ស្ត្រីមានផ្ទៃពោះត្រូវការទទួលទានអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន និងកាល់ស្យូមបន្ថែម ដើម្បីការវិវឌ្ឍន៍នៃកូនក្នុងផ្ទៃល្អប្រសើរ។ ផលិតផលផ្សំឡើងពីទឹកដោះគោដូចជា យ៉ាអ៊ួរ គឺអាចផ្ដល់អត្ថប្រយោជន៍ប្រសើរមែនទែនសម្រាប់អ្នក។ ជាពិសេស យ៉ាអួរ greek ដែលមិនត្រឹមតែផ្ដល់ជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱ្យរាងកាយនូវប្រូបាយអូទិក ក៏ដូចជាបាក់តេរីល្អៗជួយ
សម្រួលដល់ដំណើរការនៃការរំលាយអាហារផងដែរ។ ការទទួលទានអាហារមានជាតិប្រូបាយអូទិកជួយកាត់បន្ថយទប់ស្កាត់ផលវិបាកមួយចំនួនទៀតដូចជាអាឡែកស៊ី ជំងឺក្រឡាភ្លើង ការឆ្លងមេរោគក្នុងទ្វារមាស និងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះផងដែរ។

  • អាហារគួរចៀសវាង

១. គ្រឿងសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់

ត្រីដែលមានផ្ទុកជាតិបារ៉ត គឺគ្រោះថ្នាក់ណាស់កំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កប៉ះពាល់ទៅលើការលូតលាស់និងសុខភាពខួរក្បាលរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីអាហារសមុទ្រប្រភេទណាដែលមានផ្ទុកជាតិបារ៉តខ្ពស់។ ទោះជាយ៉ាងណាអ្នកអាចទទួលទានត្រីដែលមានផ្ទុកជាតិបារ៉តទាបបាន ប៉ុន្តែក្នុងកម្រិតមធ្យម។ ត្រីសាលម៉ុននិងបង្គាជាប្រភេទនៃអាហារសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទានកំឡុងពេលមានផ្ទៃពោះ។

២. ស៊ុតឆៅ

ជាធម្មតាស៊ុតជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់សុខភាពពិសេសកំឡុងពេលមានផ្ទៃពោះ ប៉ុន្តែប្រសិនបើទទួលទានវាទាំងឆៅ គឺមិនល្អសោះឡើយ។ ស៊ុតឆៅអាចមានផ្ទុកបាក់តេរី salmonella ដែលនាំឱ្យក្អួតនិងរាគបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះស្ត្រីជាម្ដាយ រួមទាំងទារកក្នុងផ្ទៃ។

៣. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ប្រសើរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមនិងជាតិខ្លាញ់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទទួលទានគ្រាប់ធញ្ញជាតិកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមួយចំនួនដែលបង្កបញ្ហាប្រតិកម្មធ្វើឱ្យស្បែកឡើងរោលក្រហម រមាស់ និងហើមផ្នែកខ្លះនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតសិនអំពីប្រភេទនៃគ្រាប់ធញ្ញជាតិណាដែលអ្នកអាចទទួលទានបានកំឡុងពេលមានផ្ទៃពោះ។

៣. អាហារឆៅ

ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារឆៅឡើយ ជាពិសេសសាច់មាន់និងសាច់ក្រហម។ សាច់ ឬអាហារឆៅផ្សេងៗអាចមានផ្ទុកនូវបាក់តេរីនិងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ដូច្នេះមុននឹងទទួលទានត្រូវប្រាកដថាអាហារនោះបានលាងសម្អាតជ្រះសព្វនិងឆ្អិនល្អ។

៤. អាហារកំប៉ុង

អាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុគីមីផ្សេងៗ ព្រមទាំងសារធាតុរក្សាទុកបានយូរដែលអាចបង្កផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពាស្ត្រីជាម្ដាយនិងកូនក្នុងផ្ទៃ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតពីសារធាតុគីមីគ្រោះថ្នាក់ចូរជ្រើសរើសបន្លែផ្លែឈើនិងសាច់ស្រស់ៗជំនួសវិញ។

៥. កាហ្វេអ៊ីន

អាហារនិងភេសជ្ជៈកាហ្វេអ៊ីនមិនល្អឡើងសម្រាប់សុខភាពស្ត្រីមានផ្ទៃពោះរួមទាំងទារក។ ស្ត្រីមានផ្ទៃពោះគួរកម្រិតការទទួលទានកាហ្វេអ៊ីនឱ្យតិចជាង ២០០ មីលីក្រាមក្នុងមួយថ្ងៃ ឬប្រមាណពី ២ ទៅ ៣ ពែងនៃកាហ្វេ៕