រដូវកាលឆេងម៉េងជិតឈានមកដល់ហើយ ដូចនេះមនុស្សមួយចំនួនអាចនឹងទៅសែនជីដូនជីតារបស់គេនៅផ្នូរដែលមានតំបន់ខុសៗគ្នា។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីតំណមមួយចំនួនដែលអ្នកគួរតែប្រយ័ត្នពេលដែលទៅឆេងម៉េង។ តើមានអ្វីខ្លះ?

មុនពេលចេញដំណើរ

មុនពេលដែលអ្នកចេញដំណើរទៅសែន អ្នកត្រូវតែសែននៅផ្ទះជាមុនសិន ព្រោះព្រលឹងមួយក្នុងចំណោមព្រលឹង៣គឺស្ថិតនៅផ្ទះ ហើយអ្នកត្រូវតែចាំគ្នាឲ្យគ្រប់ទើបចេញដំណើរទៅផ្នូរ ជាពិសេសស្ត្រីមានផ្ទៃពោះ និងនារីដែលកំពុងមករដូវ មិនត្រូវទៅឆេងម៉េងឡើយ ប៉ុន្តែបើអ្នកត្រូវតែទៅដោយខានពុំបាន អ្នកគួរតែកុំនៅជិតផ្នូរពេក គួរតែដើរចេញឲ្យឆ្ងាយ ដើម្បីកុំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ជាងនេះទៅទៀត អ្នកគួរតែយកយ័ន ឬអាំងប៉ាវតាមខ្លួន ហើយអាំងប៉ាវនោះត្រូវតែមានលុយនៅក្នុងនោះដើម្បីការពារខ្លួន។

ពេលទៅដល់

នៅពេលដែលអ្នកទៅដល់ អ្នកមិនត្រូវដោះស្បែកជើងចេញ ហើយដើរនោះទេ ម្យ៉ាងទៀតអ្នកត្រូវតែសែនអ្នកតាម្ចាស់ដីជាមុនសិន ទើបសែនជីដូនជីតា ហើយនៅពេលដែលអ្នកសង្កត់ផ្នូរ បើឃើញមានរុក្ខជាតិផ្សេងៗដុះពីលើផ្នូរ អ្នកត្រូវតែជម្រះចេញជាបន្ទាន់ ទើបវាមិនប៉ះពាល់ដល់សំណាងអ្នក។ ជាងនេះទៅទៀត ក្រោយពេលដែលអ្នកឡើងឡានត្រឡប់មកផ្ទះវិញ អ្នកត្រូវតែគោះស្បែកជើងឲ្យស្អាត កុំឲ្យជាប់ដីនៅផ្នូរឲ្យសោះ ដើម្បីកុំឲ្យនាំភាពមិនល្អមកផ្ទះ៕