ការបោកខោអាវមើលទៅគឺជារឿងធម្មតា ប៉ុន្តែប្រសិនជាអ្នកមិនដឹងពីវិធីបោក នោះនៅពេលដែលអ្នកបោករួចគឺវានៅតែមិនស្អាត។ ដូចនេះតើមានវិធីអ្វីក្នុងការបោកឲ្យស្អាតនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តម្រូវសីតុណ្ហាភាពនៃទឹក
ទឹកដែលមានសីតុណ្ហភាពខ្ពស់គឺជាទឹកដែលធ្វើឲ្យខោអាវអ្នកស្អាតក្រោយពេលដែលបោករួច ប៉ុន្តែមានខោអាវមួយចំនួនមិនស័ក្តិសមក្នុងការយកទឹកក្តៅបោកទេ ដូចនេះមុននឹងអ្នកបោក អ្នកត្រូវមើលផ្លាកវាជាមុនសិន ចំពោះអាវក្នុង និងកម្រាលពូក អ្នកអាចប្រើទឹកដែលមានសីតុណ្ហភាពចំនួន៦០អង្សាសេបោកបាន ចំណែកឯអាវដែលមានរោមសត្វ អ្នកត្រូវតែប្រើទឹកត្រជាក់ដើម្បីបោក។
ដាក់សាប៊ូមុន
នៅពេលដែលអ្នកបោកខោអាវ អ្នកត្រូវតែដាក់ទឹករួច ចាក់សាប៊ូចូល ទើបដាក់ខោអាវចូលទៅបោក ព្រោះបើអ្នកដាក់ខោអាវចូលទៅមុន ទើបចាក់សាប៊ូ វានឹងជាប់លើអាវអ្នកយ៉ាងងាយ។
មិនត្រូវដាក់ខោអាវច្រើន
មានអ្នកខ្លះព្រោះតែសន្សំទឹក និងភ្លើង តែងតែញាត់ខោអាវជាច្រើនចូលទៅក្នុងម៉ាស៊ីនបោកខោអាវដើម្បីបោក ប៉ុន្តែតើអ្នកដឹងទេថាការធ្វើបែបនេះអាចធ្វើឲ្យខោអាវអ្នកមិនស្អាត ថែមទាំងងាយខូចទៀតផង។
មិនត្រូវប្រើសាប៊ូច្រើន
នៅពេលដែលអ្នកបោកខោអាវ អ្នកមិនត្រូវព្រោះតែចង់ឲ្យវាស្អាត ហើយចាក់សាប៊ូច្រើននោះទេ ព្រោះវានឹងមិនស្អាត ថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកទៀតផង ដោយធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នកធ្លាក់ចុះនៅពេលដែលអ្នកស្លៀកពាក់ខោអាវដែលមិនស្អាត។
ត្រូវតែលាងម៉ាស៊ីនបោកខោអាវ
ក្រោយពេលដែលអ្នកបោកខោអាវក្នុងម៉ាស៊ីនរួច អ្នកត្រូវតែលាងម៉ាស៊ីនបោកខោអាវនោះ ព្រោះបើអ្នកមិនលាង ខោអាវដែលអ្នកបោកលើកក្រោយនឹងមិនស្អាតឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)