ដោយសារតែប្រជាជនទូទាំងពិភពលោកកំពុងតែភ័យខ្លាចលើការរាលដាលនៃវីរុសដ៏កសាច់សាហាវបែបនេះ ស្រាប់តែមានការបង្កើតនូវព័ត៌មានមិនពិតជាច្រើន រួមទាំងវិធីព្យាបាលដែលមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់ កំពុងតែបំពុលការគិតជាច្រើនរបស់មនុស្សយើង ជាពិសេសតាមបណ្តាញសង្គមតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការយល់ដឹងអំពីជំហ៊ានដំបូងក្នុងការបង្ការជំងឺនេះគឺជារឿងសំខាន់ជាង។ យ៉ាងណាមិញ ការទទួលបានព័ត៌មានមិនត្រឹមត្រូវមិនគ្រាន់តែបង្កើតនូវភាពភ័យខ្លាចទេ តែក៏អាចបង្កើនការប្រឈមនឹងវីរុសនេះបាន ដោយសារតែវាមិនទាន់មានការព្យាបាលនៅឡើយ។ ខាងក្រោមនេះគឺជាជំនឿមិនត្រឹមត្រូវមួយចំនួន ជាមួយនឹងការបកស្រាយការពិតបន្ថែមដែលបងប្អូនគួរតែស្វែងយល់បន្ថែម៖
ជំនឿមិនត្រឹមត្រូវ៖ ការអត់ដង្ហើមរយៈពេលច្រើនជាង ១០វិនាទី មានន័យថាមិនមានអាការៈនៃការបង្ករោគឡើយ។យោងទៅតាមការបកស្រាយរបស់វីរុសនៅលើបណ្តាញសង្គម អ្នកជំនាញម្នាក់បានណែនាំថា អ្នកអាចពិនិត្យមើលថាមានការបង្ករោគដោយវីរុសកូវីដ១៩ឬអត់តាមរយៈការដកដង្ហើមចូលជ្រៅ ហើយទប់រយៈពេល ១០វិនាទីឡើងទៅ។
ការពិត៖ ការកំណត់រោគវិនិច្ឆ័យដោយខ្លួនឯងបែបនេះមិនត្រូវបានទទួលស្គាល់ថាត្រឹមត្រូវឡើយ។ ការពិតនោះគឺថា គ្រប់គ្នាអាចទប់ដង្ហើមបានច្រើនជាង ១០វិនាទី ទោះបីជាមានជំងឺសួតធ្ងន់ធ្ងរក៏ដោយ។ រយៈពេលដែលអ្នកអត់ដង្ហើមក៏អាស្រ័យទៅតាមអាកាសធាតុ អាយុ និងបញ្ហាសុខភាពក្នុងខ្លួន។ វាត្រូវបានគេណែនាំថា បើសិនជាអ្នកមានអាការៈជំងឺផ្តាសាយ អ្នកគួរតែនៅឲ្យដាច់ដោយឡែកពីគេ និងធ្វើតេស្តរកមើលវីរុសកូវីដ១៩។
ជំនឿមិនត្រឹមត្រូវ៖ ទឹកលាងដៃដែលធ្វើដោយខ្លួនឯងមានប្រសិទ្ធភាពដូចការលាងសម្អាតដៃ ឬទឹកលាងដៃមានជាតិអាកុលដែលគេងដាក់លក់លើទីផ្សារដែរ។ ទឹកលាងដៃកំពុងតែលក់ឡើងថ្លៃ ហើយក៏រកមិនងាយបានតាមឱសថដ្ឋាននានាដែរ ខណៈពេលដែលក្នុងបណ្តាញសង្គមបានបង្ហោះនូវទឹកលាងដៃដែលធ្វើដោយខ្លួនឯងយ៉ាងភ្នក់ទឹកភ្នក់ដី។ ដូច្នេះតើវាមានប្រសិទ្ធភាពដែរទេ?
ការពិត៖ យកល្អគួរតែកត់សម្គាល់ថា ការដុសលាងដៃគឺជាវិធីដ៏មានប្រសិទ្ធភាពលុះត្រាតែវាមានជាតិអាលកុលយ៉ាងហោចណាស់ ៦០ភាគរយឡើងទៅ។ សម្រាប់ទឹកលាងដៃធ្វើដោយខ្លួនឯងប្រហែលជាមិនមានជាតិអាលកុលច្រើនឡើយ។ ទោះបីជាវាមានក៏ដោយ ក៏នៅខ្វះគុណភាពសម្រាប់ជួយឲ្យស្បែកទន់បានដែរ។ សរុបមក ទឹកលាងដៃធ្វើដោយខ្លួនឯងអាចបង្កគ្រោះថ្នាក់ដល់ស្បែកបានទោះបីជាវាមានជាតិអាកុលក៏ដោយ ព្រោះមិនមានសារធាតុជួយឲ្យស្បែកទន់ និងការពារស្បែក។
ជំនឿមិនត្រឹមត្រូវ៖ ការញ៉ាំទឹកជារៀងរាល់ ១៥នាទី នឹងជួយការពារកុំឲ្យឆ្លងវីរុសកូវីដ១៩។ ជំនឿមិនត្រឹមត្រូវមួយផ្សេងទៀតដែលកំពុងតែចរាចរណ៍លើបណ្តាញសង្គមនោះគឺការញ៉ាំទឹកជារៀងរាល់ ១៥នាទិ អាចជួយបង្ការការឆ្លងវីរុសកូវីដ១៩បាន។
ការពិត៖ ខណៈពេលដែលការញ៉ាំទឹកជាទៀងទាត់ និងការបង្គ្រប់ជាតិទឹកក្នុងខ្លួនគឺជារឿងល្អសម្រាប់សុខភាព តែវាមិនត្រូវបានអះអាងថាជាមធ្យោបាយដើម្បិបន្ថយការប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ឡើយ។ ការញ៉ាំទឹកប្រហែលជាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំមែន តែការរស់នៅឆ្ងាយពីមនុស្សជុំៗ ការលាងសម្អាតដៃ និងអនុវត្តអនាម័យផ្លូវដង្ហើមត្រឹមត្រូវនោតែជារឿងសំខាន់បំផុត។
ជំនឿមិនត្រឹមត្រូវ៖ ខ្ទឹមសអាចជួយអ្នកមានសុវត្ថិភាពពីការបង្ករោគដោយវីរុសកូវីដ១៩បាន។ សារដ៏មានប្រជាប្រិយមួយទៅលើបណ្តាញសង្គមបាននិយាយថា ខ្ទឹមសអាចជួយបន្ថយការប្រឈមនឹងវីរុសកូវីដ១៩បាន។
ការពិត៖ ខ្ទឹមសផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី និងត្រូវបានគេបប្រើដើម្បីព្យាបាលការក្អក ផ្តាសាយ។ល។ ខ្ទឹមសក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបានដែរ។ ប៉ុន្តែវាមិនមែនបញ្ជាក់ថា ការដាក់ខ្ទឹមសជិតខ្លួន ឬញ៉ាំវាអាចជួយបង្ការការមិនឆ្លងវីរុសកូវីដ១៩ឡើយ។
ជំនឿមិនត្រឹមត្រូវ៖ ដោយសារតែរដូវក្តៅជិតមកដល់ វីរុសកូវីដ១៩នឹងត្រូវងាប់អស់
ការពិត៖ អាកាសធាតុ សីតុណ្ហភាព និងភាពមានសំណើមដើរតួនាទីដ៏សំខាន់សម្រាប់ការរស់នៅរបស់មេរោគគ្រប់ប្រភេទ ហើយវាក៏ជារឿងពិតមួយសម្រាប់វីរុសកូវីដ១៩ដែរ។ វីរុសកូវីដ១៩ ត្រូវបានគេនិយាយថា វាត្រូវបានហុំព័ទ្ធដោយស្រទាប់ខ្លាញ់ជាស្រោមរបស់វា ដែលមិនអាចធុននឹងភាពក្តៅខ្លាំងបានទេ។ នៅពេលអាកាសធាតុត្រជាក់ និងស្ងួត មេរោគនេះគឺអាចរស់នៅក្នុងបរិយាកាសខ្យល់យូរជាង បើប្រៀបធៀបនឹងខ្យល់ដែលមានសំណើម។ ប៉ុន្តែអ្នកស្រាវជ្រាវបានដាក់បម្រាមថា ចាប់តាំងពីវីរុសកូវីដ១៩នេះ ជាវីរុសថ្មីមក វានៅតែមានរឿងជាច្រើនដែលយើងមិនបានដឹងអំពីវានៅឡើយ។ ដូច្នេះការជឿជាក់ទាំងស្រុងថា អាកាសធាតុក្តៅនឹងអាចបញ្ឈប់ការរាលដាលនោះប្រហែលជាមិនត្រឹមត្រូវនៅឡើយទេ។
ជំនឿមិនត្រឹមត្រូវ៖ ថ្នាំអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបន្ថយការប្រឈមនឹងវីរុសកូវីដ១៩បាន។ ថ្នាំជាច្រើនដែលបង្កើនមុខងារប្រព័ន្ធភាពស៊ាំក៏កំពុងតែត្រូវបានគេចែករំលែកតៗគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយក៏កំពុងតែប្រកាសថាអាចកំចាត់វីរុសកូវីដ១៩ថែមទៀតផង។
ការពិត៖ ថ្នាំទាំងនេះប្រហែលជា ឬមិនធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងឡើយ តែវាមិនមែនស្ថិតក្នុងអ្វីដែលធានាថា អាចបន្ថយការប្រឈមនឹងវីរុសកូវីដ១៩ឡើយ។
វាពិតជារឿងសំខាន់ណាស់ដែលត្រូវចាំថា និងយល់ថា មិនមានការព្យាបាលណាមួយច្បាស់លាស់ចំពោះវីរុសកូវីដ១៩នេះនៅឡើយទេ។ គន្លឹះបង្ការដ៏សំខាន់គឺ នៅឆ្ងាយពីតំបន់មានមនុស្សជុំៗ ចៀសវាងការជួបជុំគ្នាច្រើន ធ្វើដំណើរ អនាម័យផ្លូវដង្ហើម និងផ្ទាល់ខ្លួនឲ្យបានល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីមានការទទួលខុសត្រូវផ្ទាល់ខ្លួន វាក៏ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នាក្នុងនាមជាប្រជាជនដើម្បីកំចាត់ចោលនូវព័ត៌មានមិនពិតទាំងឡាយផងដែរ តាមរយៈការមិនចែករំលែកវាបន្តទៀត៕