បញ្ហាជើងបែកញើសខ្លាំងនិងធុំក្លិនអាក្រក់មិនពិបាកដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហាជើងធុំក្លិនអាក្រក់ ហើយបែកញើសខ្លាំង ៖
១. លាងសម្អាតប្រអប់ជើងជាមួយសាប៊ូកម្ចាត់បាក់តេរី
ចូរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី។ ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផង។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវ។
២. ក្រូចឆ្មារ និងម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែ ចូល។ កូរអោយសព្វ សឹមត្រាំជើងក្នុងល្បាយនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។
៣. ឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើង
ចូរប្ដូរស្រោមជើងចេញនៅរាល់ពេលអ្នកមានអារម្មណ៍ថាសើមពេញដោយញើស។ ហើយមុននឹងពាល់ស្រោមជើងថ្មី ចូរលាងសម្អាតជើងនិងជូតផ្ដិតឱ្យស្ងួតសិន។
៤. ត្រាំជើងក្នុងតែខ្មៅ
តែខ្មៅមានផ្ទុកអាស៊ីត tannic ដែលកម្ចាត់បាក់តេរី។ វាក៏ជួយកាត់បន្ថយបរិមាណនៃញើសផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ កញ្ចប់តូចក្នុងទឹកក្ដៅ ៣ ពែង។ បន្ថែមទឹកត្រជាក់ចូលក្នុងចំនួនសមល្មមដើម្បីបន្ថយកម្ដៅ។ បន្ទាប់មកដាក់ត្រាំជើងសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ អនុវត្តជាប្រចាំរហូតដល់ទទួលបានលទ្ធផលប្រសើរ។
៥. ត្រាំជើងក្នុងទឹកខ្មេះ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះកន្លះពែងជាមួយទឹកក្ដៅ ៨ ពែង។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះនៅពេលក្ដៅឧណ្ហសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតជើងចេញជាមួយសាប៊ូនិងជូតឱ្យស្ងួតជាការស្រេច។
៦. ទឹកខ្ពុរមាត់
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកខ្ពុរមាត់មានផ្ទុកជាតិអាល់កុល។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មាននាទី ឬរហូតដល់ទឹកចុះត្រជាក់តែម្ដង។ វិធីនេះក្រៅពីជួយកម្ចាត់ក្លិនជើងមិនល្អហើយនោះ ក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលផងដែរ៕