កំពុងមានបញ្ហាស្ងួតរមាស់បំពង់កមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យគន្លឹះងាយៗព្យាបាលអាការៈស្ងួតបំពង់ក ៖
១. ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. ទទួលទានតែខ្ញីលាយទឹកឃ្មុំ
ចូរព្យាយាមទទួលទានតែខ្ញីស្រស់លាយទឹកឃ្មុំ ១ ពែងទៀងទាត់រហូតដល់ជាសះស្បើយ។ ទោះជាយ៉ាងណាត្រូវប្រាកដថាមិនទទួលទានតែក្ដៅពេកចៀសវាងបញ្ហាធ្ងន់ធ្ងរកើតឡើង។
៣. ទឹកក្រូចឆ្មារស្រស់
ការទទួលទានទឹកក្រូចឆ្មារស្រស់លាយទឹកក្ដៅឧណ្ហៗ ១ កែវឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃក៏ប្រសើរណាស់ដែរដើម្បីបំបាត់អាការៈស្ងួតបំពង់ក។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេចូលដើម្បីបង្កើនរសជាតិនិងប្រសិទ្ធភាពផងដែរ។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ បើមិនចង់ទទួលទានអ្នកក៏អាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមមកខ្ពុរមាត់ជំនួសវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម កន្លះពែង ជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ កូររហូតដល់អំបិលរលាយ សឹមបន្ថែមទឹកក្ដៅឧណ្ហៗ ១ ពែងចូល។ កូរអោយសព្វម្ដងទៀត សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះរៀងរាល់ ១៥ នាទី ម្ដង។
៥. ទទួលទានទឹកអោយបានច្រើន
ដើម្បីឆាប់ធូរស្រាលពីអាការៈស្ងួតបំពង់ក ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះអ្នកគួរព្យាយាមទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់៕