ការគ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតត្រឹមត្រូវមួយដែលមិនទាប ឬខ្ពស់ពេក គឺចាំបាច់ណាស់ដើម្បីចៀសផុតពីហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើធ្វើបែបណាទើបអាចគ្រប់គ្រងសម្ពាធឈាមបាន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយគ្រប់គ្រងសម្ពាធឈាម ៖

១. កម្រិតការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារីពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ក៏ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជំងឺលើសឈាម ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនលើសប្រសិនបើអ្នកចង់ជៀសផុតពីបញ្ហាសុខភាពនេះ។

២. រក្សាទម្ងន់ត្រឹមត្រូវមួយ

ភាពធាត់ជ្រុលជះឥទ្ធិពលគួរឱ្យព្រួយបារម្ភជាច្រើនចំពោះសុខភាពរួមទាំងបញ្ហាលើសសម្ពាធឈាម។ អ្នកអាចគ្រប់គ្រងទម្ងន់តាមរយៈការទទួលទានអាហារសុខភាពល្អនិងធ្វើលំហាត់ប្រាណ។

៣. គេងឱ្យបានគ្រប់គ្រាន់

ក្រៅពីការទទួលទានអាហារមានផ្ទុកជាតិសូដ្យូមច្រើនហើយនោះបញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីកង្វះនៃការគេងផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវមួយនៃវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា ប្រមាណជា ៩០ ភាគរយនៃអ្នកដែលគេងមិនគ្រប់ ឬមានជំងឺគេងមិនលក់នឹងអាចជួបប្រទះនូវបញ្ហាសុខភាពគួរអោយបារម្ភជាច្រើន រួមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់។

៤. ធ្វើលំហាត់ប្រាណទៀងទាត់

ការមិនធ្វើលំហាត់ប្រាណសោះអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមបញ្ចូលទាំងជំងឺលើសសម្ពាធឈាម។ ដើម្បីជៀសផុតពីជំងឺសាហាវនេះអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំអោយអ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតមធ្យមពី ៤ ទៅ ៧ ម៉ោងក្នុងមួយសប្តាហ៍ គឺប្រហែលជា ៣០ នាទី ទៅ ១ម៉ោងក្នុងមួយថ្ងៃ។ អ្នកមិនចាំបាច់តែធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយ គ្រាន់តែដើរ ឬឡើងជណ្ដើរក៏ល្អណាស់ហើយសម្រាប់សុខភាព។

៥. កាត់បន្ថយការទទួលទានអាហារប្រៃ ឬអំបិល

ការទទួលទានប្រៃពេកញឹកញាប់ក៏អាចបណ្ដាលឱ្យកើតជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារប្រៃ ឬអំបិលមិនឱ្យលើសពី ១៥០០ មីលីក្រាមក្នុងមួយថ្ងៃ។

៦. គ្រប់គ្រងស្ត្រេស

ធ្លាប់ដឹងទេថាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ខ្លាំងជាប្រចាំក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ? ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពស្ត្រេសរបស់អ្នក។

៧. កុំជក់បារី

មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ដោយសារការជក់បារី ប៉ុន្តែការជក់បារីក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ ក៏ព្រោះវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីផងដែរ៕

៨. ទទួលទានអាហារសុខភាពល្អ

មួយក្នុងចំណោមមូលហេតុផ្សេងទៀតនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ គឺពាក់ព័ន្ធនឹងអាហារដែលអ្នកទទួលទាន។ ប្រសិនបើអ្នកចង់រក្សាបាននូវសម្ពាធឈាមប្រក្រតី ចូរព្យាយាមទទួលទានអាហារសុខភាពល្អ។ របបអាហារសុខភាពល្អមានរួមបញ្ចូលនូវបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងត្រី។ អាហារប្រភេទនេះមិនត្រឹមតែមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងប្រសើរផងដែរ៕