ចង់ឱ្យការរំលាយអាហារមានលក្ខណៈកាន់តែប្រសើរឡើងមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយឱ្យការរំលាយអាហារកាន់តែប្រសើរឡើង ៖
១. ទទួលទានទឹក
ការរក្សាជាតិទឹកក្នុងរាងកាយ គឺសំខាន់ណាស់។ តាមពិតការទទួលទានឱ្យបានគ្រប់គ្រាន់ជាការងារដ៏ស្រួលបំផុតមួយ ប៉ុន្តែភាគច្រើននៃពួកយើងបែរជាធ្វើមិនបាន។ ប្រព័ន្ធរំលាយអាហារត្រឹមត្រូវការជាតិទឹកដើម្បីដំណើរការមុខងារប្រក្រតី។ ពេលវេលាដ៏ប្រសើរបំផុតក្នុងការទទួលទានទឹក គឺយ៉ាងហោចណាស់ពី ១៥ ទៅ ៣០ នាទីមុនពេលអាហារ។ អ្នកក៏អាចក្រេបបន្តិចៗ (កុំច្រើនពេក) កំឡុងពេលទទួលទានផងដែរ។
២. ទទួលទានយឺតៗនិងទំពារឱ្យបានត្រឹមត្រូវ
ការទំពារឱ្យបានត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ប្រព័ន្ធរំលាយ ក៏ដូចជាដំណើរការនៃរំលាយអាហារ។ នៅពេលអ្នកទំពារ គឺអ្នកកំពុងបំបែកអាហារដែលអ្នកទទួលទានទៅជាបំណែកតូចៗដូច្នេះរាងកាយងាយស្រួលស្រូបយកវីតាមីនដែលអាហារមានផ្ទុកកាន់តែប្រសើរ។ ម្យ៉ាងវិញទៀតការទំពារអាហារត្រឹមត្រូវក៏បង្កើនភាពងាយស្រួល់ដល់ប្រព័ន្ធរំលាយអាហារដើម្បីដំណើរការរំលាយអាហារបន្តទៀតផងដែរ។
៣. ទទួលទានអាហារសុខភាពល្អ
អាហារសុខភាពល្អមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយអំបិល ខ្លាញ់មិនល្អ និងស្ករដែលរាងកាយពិបាកនឹងរំលាយ។ ហើយអាហារកែច្នៃក៏គ្មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់អ្វីចំពោះសុខភាពដូចអាហារសុខភាពល្អបន្លែផ្លែឈើអ្វីដែរ។
៤. ទទួលទានទឹកលាយទឹកក្រូចឆ្មាររាល់ព្រឹក
គ្រាន់តែទទួលទានទឹកធម្មតា ១ កែវលាយជាមួយទឹកក្រូចឆ្មារបន្តិចរាល់ព្រឹកក៏ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ ការទទួលទានទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗលាយទឹកក្រូចឆ្មារស្រស់នៅពេលព្រឹកមានឥទ្ធិពលជួយបង្កើនភាពសកម្មនៃប្រព័ន្ធរំលាយអាហារនិងបន្សាបជាតិពុលផ្សេងៗទៀតផង។
៥. ទទួលទានអាហារសម្បូរជាតិសសៃ
ជាតិសសៃជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ ជាតិសសៃជួយគ្រប់គ្រងប្រព័ន្ធរំលាយអាហារមិនឱ្យធ្វើការលឿនពេក ឬយឺតពេក។ វាក៏ជួយរក្សាបាក់តេរីល្អៗក្នុងពោះវៀននិងជួយបញ្ចុះកូឡេស្តេរ៉ូលបានផងដែរ៕