របបអាហារក៏ជះឥទ្ធិពលលើសុខភាពនិងពណ៌នៃស្បែកផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយឱ្យស្បែកកាន់តែសស្អាតជាងមុន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីស្បែកសស្រស់ថ្លា ៖

១. មើមឆៃថាវក្រហម

បន្លែមើមនេះមានប្រសិទ្ធភាពកម្ចាត់ជាតិពុលដែលបង្កភាពស្រអាប់ដល់ស្បែកចេញពីរាងកាយ។ ការបន្សាបជាតិពុលក៏ជួយបង្កើនអុកស៊ីសែននិងសារធាតុចិញ្ចឹមដល់កោសិកាស្បែកដែលជួយរក្សាសុខភាពល្អប្រសើរនិងកាន់តែស្រស់ថ្លា។ មើមឆៃថាវក្រហមក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រនិងវីតាមីន C ដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពស្បែក។

២. សូកូឡាខ្មៅ

ការញ៊ាំសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយជួយការពារស្បែកមិនឱ្យទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវិញទៀតសូកូឡាខ្មៅមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីរ៉ាឌីកាល់សេរី។

៣. បឺរី

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីរ៉ាឌីកាល់សេរី ហើយបង្កើនការសំយោគកូឡាជែនចាំបាច់សម្រាប់រក្សាសុខភាពស្បែកស្រស់ស្អាតទប់ស្កាត់ស្នាមជ្រីវជ្រួញថែមទៀត។

៤. ផ្លែឈើប្រភេទ Citrus

រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកផងដែរ។ សម្រាប់អ្នកដែលចង់ឱ្យស្បែកសស្រស់ស្អាតជាងមុនកុំភ្លេចរួមបញ្ចូលផ្លែឈើប្រភេទ Citrus ក្នុងរបបអាហារប្រចាំថ្ងៃ។

៥. ផ្លែល្ហុង

ធ្លាប់ដឹងទេថាផលិតផលជួយឱ្យស្បែកសស្អាតដែលដាក់លក់លើទីផ្សារភាគច្រើនផ្សំឡើងពីល្ហុង? នេះក៏ព្រោះតែផ្លែល្ហុងមានផ្ទុកសារធាតុ papain ដែលមានប្រសិទ្ធភាពជួយឱ្យស្បែកស។ ដូច្នេះកុំភ្លេចទទួលទានផ្លែល្ហុងជាប្រចាំ។ អ្នកក៏អាចលាបផ្លែល្ហុងទុំដែលកិនម៉ដ្ឋលើស្បែកនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមលាងសម្អាតចេញដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៦. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យស្បែកសជាងមុននិងការពារស្បែកពីកម្ដៅថ្ងៃផងដែរ៕