ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសន្សំបានប្រាក់ច្រើនចូលមក។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកទិញទំនិញប្រើប្រាស់ក្នុងផ្ទះ អ្នកគួរតែទិញដុំ មិនគួរទិញរាយទេ ព្រោះតម្លៃរាយថ្លៃជាងតម្លៃដុំ។ បើអ្នកគិតថាច្រើនខ្លាំង ប្រើមិនអស់ អ្នកអាចបបួលមិត្តភក្តិអ្នកទិញជាមួយ នោះអ្នកនឹងអាចសន្សំបានច្រើនជាងមុន ថែមទាំងអាចប្រើបានយូរទៀតផង។

2.    អ្នកអាចឧស្សាហ៍តាមដានផលិតផលតាមផ្សារទំនើបបាន ដោយនៅពេលដែលមានបញ្ចុះតម្លៃ អ្នកអាចទិញបាន ព្រោះគុណភាពដូចគ្នាទេ។ ដូចនេះ បើអ្នកអាចទិញបានពេលបញ្ចុះតម្លៃ នោះអ្នកនឹងអាចចំណេញបានប្រាក់មួយចំណែកទៀត។

3.    អ្នកគួរតែរៀនចេះធ្វើម្ហូប ដោយមិនគួរតែងតែទៅពិសារ ឬទិញអាហារពីក្រៅមកញ៉ាំទេ ព្រោះវាអាចធ្វើឲ្យអ្នកចំណាយច្រើន ថែមទាំងមិនល្អចំពោះសុខភាពអ្នកទៀតផង។ ដូចនេះ អ្នកអាចទិញបន្លែមកធ្វើម្ហូបខ្លួនឯងបាន ព្រោះវាអាចសន្សំបានប្រាក់ ថែមទាំងល្អចំពោះសុខភាពទៀតផង។ បើអ្នកតែងតែបរិភោគក្រៅ អ្នកនឹងអាចចំណាយប្រាក់លើគ្រូពេទ្យផងដែរ។

4.    ប្រសិនជាឧបករណ៍ក្នុងផ្ទះខូចត្រូវទិញ ប្រសិនជាអាច អ្នកគួរតែចាំដល់ពេលមានការបញ្ចុះតម្លៃ ទើបទិញ ព្រោះវាអាចជួយកាត់ការចំណាយរបស់អ្នកឲ្យមករាងទាប មិនខ្ពស់ដូចតម្លៃដើមឡើយ។

5.    ចុងក្រោយ អ្នកគួរតែកត់បញ្ចីឲ្យបានច្បាស់លើការចំណាយនានា​ ដើម្បីឲ្យដឹងថា អ្នកចំណាយទៅលើអ្វីខ្លះ ហើយអ្វីខ្លះគួរតែកាត់បន្ថយ ទើបអ្នកមានចំណូលច្រើនជាងចំណាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង