បញ្ហាឡើងពពែភ្នែក គឺជារោគឆ្លងមួយនៃក្រពេញខ្លាញ់ដែលស្ថិតក្នុងត្របកភ្នែក។ ជាទូទៅជំងឺនេះនឹងបាត់ទៅវិញ ឬជាសះស្បើយឯកឯងក្នុងកំឡុងពេលមិនយូរជាង ១ ឬ ២ សប្តាហ៍ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ប៉ុន្តែទោះជាយ៉ាងណានៅមានវិធីព្យាបាលបែបធម្មជាតិមួយចំនួនដែលជួយឲ្យជំងឺនេះកាន់តែឆាប់ជាសះស្បើយនិងជួយកាត់បន្ថយការឈឺចាប់បានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដើម្បីព្យាបាលជំងឺពពែភ្នែក ៖

១. ស្អំកម្ដៅ

ការស្អំកម្ដៅលើពពែភ្នែក ឬពពែឆ្កែ ជួយបង្កើនល្បឿននៃការធ្លាយបែក និងការហូរខ្ទុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ក្រណាត់ស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ ហើយពូតឱ្យស្ងួតសិនសឹមដាក់ស្អំលើត្របកភ្នែក។ ទុកចោលសម្រាប់រយៈពេល ៥នាទី ឬរហូតដល់អស់ក្ដៅ សឹមដកចេញ។ ព្យាយាមធ្វើស្អំឲ្យបានពី ៣ ទៅ ៤ ដង ជាប្រចាំរហូតដល់ខ្ទុះធ្លាយ។

២. តែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែនៅក្នុងទឹកក្ដៅឧណ្ហ បន្ទាប់មកជ្រលក់ក្រណាត់ស្អាតចូល ហើយពូតឱ្យស្ងួតទឹកខ្លះសិន សឹមដាក់ស្អំលើត្របកភ្នែកសម្រាប់រយៈពេល ៥នាទី។ អនុវត្តសារឡើងវិញឱ្យបានច្រើនដងរាល់ថ្ងៃ រហូតដល់ខ្ទុះចេញអស់។

៣. រមៀត

រមៀតមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ដូច្នេះហើយទើបការប្រើប្រាស់វាដើម្បីជូតលាងសម្អាតត្របកភ្នែកដែលទទួលរងផលប៉ះពាល់អាចជួយឲ្យឆាប់ជាសះស្បើយបាន។ អ្វីដែលអ្នកត្រូវធ្វើ គឺដាំទឹក ២ ពែងក្នុងឆ្នាំង រួចបន្ថែមរមៀត ១ ស្លាបព្រាបាយចួល។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមយកស្បៃក្រណាត់ស្អាតមកច្រោះ ហើយប្រើប្រាស់ទឹករមៀតកម្ចាត់មេរោគលើត្របកភ្នែក។ អ្នកក៏គួរទទួលទានអាហារលាយជាមួយរមៀតផងដែរ ដើម្បីឲ្យឆាប់ជាពីខាងក្នុង។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺយកសាច់ប្រទាលកន្ទុយក្រពើបិតលើពពែភ្នែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ សាច់ប្រទាលកន្ទុយក្រពើជួយសម្លាប់បាក់តេរី ការពារការឆ្លងមេរោគ កាត់បន្ថយការរលាក និងជួយឲ្យឆាប់ជាសះស្បើយ។

៥. ទឹកខ្មេះផ្លែប៉ោម

មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រឆាំងបាក់តេរីដែលល្អសម្រាប់ព្យាបាលបញ្ហាឡើងពពែភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមធម្មជាតិ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយនេះហើយលាបផ្ដិតថ្នមៗលើពពែភ្នែកសម្រាប់រយៈពេល ១ នាទី។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ។

៦. ទឹកស្អាត

គន្លឹះដ៏សំខាន់បំផុតមួយដើម្បីពន្លឿនភាពជាសះស្បើយនៃបញ្ហាឡើងពពែភ្នែក គឺការរក្សាអនាម័យភ្នែកជាប់ជានិច្ច។ លាងសម្អាតភ្នែកជាមួយទឹកស្អាតឱ្យបានយ៉ាងហោចណាស់ពី ៥ ទៅ ៦ ដងក្នុងមួយថ្ងៃជាប្រចាំ។ កុំភ្លេចលាងសម្អាតដៃឱ្យស្អាតសិនផង៕

សម្គាល់៖ កុំចាក់ ឬច្របាច់ខ្ទុះនៃពពែភ្នែកឱ្យសោះចៀសវាងបញ្ហាឆ្លងមេរោគ! ហើយក៏កុំស្ទាក់ស្ទើនឹងទៅជួបជាមួយគ្រូពេទ្យប្រសិនបើអាការៈមិនធូរស្រាល ឬពពែភ្នែកនេះប៉ះពាល់ដល់ការមើលឃើញរបស់អ្នក ឬវាមិនព្រមបាត់ទៅវិញក្នុងរយៈពេលយូរជាង ១ ឬ ២ សប្តាហ៍