ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រៅពីការ៉ុតហើយនោះក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាទប់ស្កាត់បញ្ហាភ្នែកនានា ៖

១. ត្រីសម្បូរខ្លាញ់

បរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់មិនត្រឹមតែល្អសម្រាប់សុខភាពសសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ចំពោះសុខភាពភ្នែកផងដែរ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ មានប្រសិទ្ធភាពទប់ស្កាត់បញ្ហាជំងឺភ្នែកឡើងបាយ ជំងឺខ្សោយភ្នែក ក៏ដូចជាជំងឺភ្នែកស្ងួត។

២. ស៊ុត

ស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរនិងមើលឃើញបានច្បាស់ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសទទួលទានស៊ុតធម្មជាតិដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។

៣. បន្លែស្លឹកបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ zeaxanthin និង lutein ដែលមានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឹភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកគួរឱ្យកត់សម្គាល់។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានបន្លែបៃតង​ឱ្យបានច្រើន។

៤. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលមានប្រសិទ្ធភាពការពារភ្នែកដោយទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញរាល់កោសិការួមបញ្ចូលទាំងក្នុងភ្នែក។

៥. បន្លែផ្លែឈើស្រស់ៗចម្រុះពណ៌

រួមបញ្ចូលទាំងប៉េងប៉ោះ ការ៉ុត ស្ត្របឺរី ម្ទេសផ្លោក ពោត និងល្ពៅសុទ្ធតែជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន C ក៏ដូចជាសមាសធាតុ carotenoids មានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកផ្សេងៗគួរឱ្យកត់សម្គាល់។

៦. ផ្លែបឺរ

ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary រួមទាំងជាតិទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូតាស្យូម សារធាតុ Sterols សារធាតុ Lutein និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាតុល្យភាពនៃកម្រិតកូឡេស្តេរ៉ូលធ្វើឱ្យចរន្តឈាមរត់មានលក្ខណៈកាន់តែប្រសើរឡើង ពង្រឹងប្រព័​​​ន្ធភាពស៊ាំរាងកាយ បង្កើនសុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីក។ វាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូងនិងខួរក្បាលផងដែរ។

៧. ស្ពៃក្ដោបពណ៌ស្វាយ

ស្ពៃក្ដោបពណ៌ស្វាយជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់ចំពោះសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់ និងជៀសផុតពីជំងឺភ្នែកផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង