ស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ដែលមានការពិបាកទប់ស្កាត់និងឆាប់ឆ្លងរាលដាលនោះបានជំរុញអោយអង្គការសុខភាពពិភពលោកប្រកាសថាវាមានលក្ខណះរាតត្បាត។
អគ្គនាយកអង្គការសុខភាពពិភពលោក គឺលោក ថេដ្រូស អាដហាណាម ( Tedros Adhanom) បានប្រកាសបែបនេះនៅក្នុងការផ្តល់ព័ត៌មានមួយដល់អ្នកកាសែតកាលពីថ្ងៃទី១១ខែមិនា។
លោកបាននិយាយថាគ្រាន់តែរយះពេលពីរសប្តាហ៍ចុងក្រោយនេះ ការឆ្លងមេរោគកូវីដ១៩នៅក្រៅ ប្រទេសចិន បានកើនឡើងរហូតដល់១៣ដង។ ហើយចំនួនប្រទេសដែលមានការឆ្លង មេរោគនេះបានឡើងដល់មួយជាបី។
ឥឡូវមានការឆ្លងមេរោគនេះចំនួន១១៨០០០ករណីនៅក្នុងប្រទេស១១៤ហើយមនុស្ស៤២៩១នាក់បានស្លាប់បាត់បង់ជីវិត។
នៅប៉ុន្មានថ្ងៃឬសប្តាហ៍ខាងមុខ យើងគិតថានឹងឃើញមានចំនួនអ្នកឆ្លង ចំនួនអ្នកស្លាប់និងចំនួន ប្រទេសដែលឆ្លងមេរោគនេះនឹងមានការកើនឡើងទៀត។
លោកអគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយថាយើងអំពាវនាវជារៀងរាល់ថ្ងៃអោយគ្រប់ប្រទេសទាំងអស់ចាត់វិធានការបន្ទាន់និងខ្លាំងក្លា៕