ការរក្សាបាននូវស្បែកស្អាតសុខភាពល្អមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយរក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាត ៖
១. ឈប់ជក់បារី
ក្រៅពីបង្កផលប៉ះពាល់ខ្លាំងចំពោះសុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះសុខភាពរាងកាយទាំងមូលរួមទាំងស្បែកផងដែរ។ នៅពេលអ្នកជក់បារីសសៃឈាមដែលនៅលើស្រទាប់ក្រៅនៃស្បែកនឹងប្រែជារួមតូចរារាំងលំហូរឈាមបណ្ដាលឱ្យស្បែកស្រអាប់និងឆាប់ជ្រួញ។
២. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក
គន្លឹះចាំបាច់មួយទៀតដើម្បីរក្សាបានស្បែកស្រស់ស្អាតមានសុខភាពល្អ គឺការប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកជាប្រចាំ។ ផលិតផលផ្ដល់សំណើមដល់ស្បែកជួយទប់ស្កាត់បញ្ហាស្បែកស្ងួតខ្លាំង។ ចូរជ្រើសរើសផលិតផលផ្ដល់សំណើមដែលមានផ្ទុកអាស៊ីតអាមីណូ សារធាតុ lactate និងសារធាតុចិញ្ចឹមផ្សេងទៀតរួមទាំង citrate។
៣. កាត់បន្ថយការប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ
ទោះបីជាពន្លឺព្រះអាទិត្យជាប្រភពដ៏ប្រសើរមួយនៃវីតាមីន D ប៉ុន្តែការស្ថិតនៅក្រោមកម្ដៅថ្ងៃខ្លាំងរយៈពេលយូរអាចបណ្ដាលឱ្យស្បែកងាយនឹងទទួលរងការបំផ្លាញ ឬខូចខាតគួរឱ្យបារម្ភ។ ក្រៅពីហានិភ័យនៃជំងឺមហារីកស្បែកហើយនោះបញ្ហាស្បែកផ្សេងទៀតក៏ងាយនឹងកើតឡើងផងដែរ។ ដើម្បីជាការប្រសើរអ្នកក៏គួរប្រើប្រាស់ក្រែមលាបការពារកម្ដៅថ្ងៃមុនចេញទៅក្រៅ។
៤. គ្រប់គ្រងស្ត្រេស
ភាពតានតឹងក្នុងអារម្មណ៍អាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមទាំងស្បែក! នៅពេលស្ត្រេសអ្នកងាយនឹងកើតរោគមុន ស្នាមដក់ខ្មៅក្រោមភ្នែក ព្រមទាំងបញ្ហាស្បែកស្រអាប់។ ដូច្នេះប្រសិនបើចង់រក្សាបាននូវសុខភាពស្បែកល្អប្រសើរ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេស។
៥. អនុវត្តវិធានអនាម័យត្រឹមត្រូវ
ការកោររោមរាល់ថ្ងៃនិងការលាងសម្អាតស្បែកច្រើនដងពេកក៏បង្កផលប៉ះពាល់ដល់សុខភាពស្បែកផងដែរ។ ការធ្វើបែបនេះបណ្ដាលឱ្យរបាំងការពារស្បែកត្រូវបាត់បង់ព្រមជាមួយជាតិប្រេងធម្មជាតិ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការងូតទឹកដុសសម្អាតស្បែករបស់អ្នកនិងរៀនពីរបៀបកោររោមឱ្យបានត្រឹមត្រូវផង។
៦. រៀបចំរបបអាហារឱ្យបានត្រឹមត្រូវ
ដើម្បីរក្សាបាននូវសុខភាពស្បែកល្អប្រសើរការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវក៏ជាគន្លឹះដ៏ចាំបាច់បំផុតដែរ។ ចៀសវាងទទួលទានអាហារកែច្នៃច្រើនដោយព្យាយាមទទួលទានបន្លែបៃតង សាច់គ្មានខ្លាញ់ និងផ្លែឈើជំនួសវិញ៕