Join with Health.com.kh on Telegram

បញ្ហារលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃក្ដៅខ្លាំងមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកនឹងដោះស្រាយឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗព្យាបាលស្បែកដែលរលាកដោយសារពន្លឺព្រះអាទិត្យ ៖

១. តែខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹកក្ដៅ ២ ពែងរួចឆុងតែខ្មៅ ៤ កញ្ចប់តូចៗក្នុងទឹកនេះសម្រាប់រយៈពេល ១ ម៉ោង សឹមទុកឱ្យចុះត្រជាក់។ បន្ទាប់មកប្រើប្រាស់ក្រណាត់ស្អាតមួយត្រាំ ឬជ្រលក់ក្នុងទឹកតែ ហើយស្អំលើស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១៥ នាទី។

២. ដំឡូងបារាំង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ដំឡូងបារាំងជាបន្ទះៗរួចបិតលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ជាការស្រេច។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានលាងដំឡូងបារាំងជ្រះស្អាតមុននឹងប្រើប្រាស់។

៣. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក

អ្នកចាំបាច់គួរងូតទឹកត្រជាក់ឱ្យបានច្រើនដងដើម្បីឆាប់សះស្បើយ។ ហើយក៏កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្រោយងូតទឹករួចផង។

៤. ទឹក

ការរក្សាសំណើមស្បែកទប់ស្កាត់ភាពស្ងួត គឺចាំបាច់ណាស់កំឡុងពេលជួបប្រទះបញ្ហារលាកដោយសារពន្លឺព្រះអាទិត្យ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីឆាប់ជាសះស្បើយ។

៥. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើមួយចំនួនទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់សម្រាប់រយៈពេល ៣០ នាទី។ បន្ទាប់មកលាបវាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ កុំជូតចេញត្រូវទុករហូតដល់ស្ងួត។ អនុវត្តឱ្យបានពី ៥ ទៅ ៦ ដងជាប្រចាំរហូតដល់ជាសះស្បើយ៕