Join with Health.com.kh on Telegram

ចង់ផ្ដើមថ្ងៃថ្មីដោយល្អមិនមែនជារឿងពិបាកឡើយ! ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើយ៉ាងណាខ្លះទៅមែនទេ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលអ្នកគួរអនុវត្តដើម្បីចាប់ផ្ដើមថ្ងៃថ្មីយ៉ាងល្អ ៖

១. បន្ថែមអំបិលប​ន្តិចក្នុងកាហេ្វ

កាហ្វេនឹងមានរសជាតិកាន់តែប្រសើរនៅពេលអ្នកធ្វើបែបនេះ! ជំនួសឱ្យទឹកដោះគោ ឬស្ករដែលមានផ្ទុកសម្បូរកាឡូរីនិងជាតិខ្លាញ់ ការបន្ថែមអំបិលបន្តិចក៏ជួយបន្ថយភាពល្វីងនៃកាហ្វេបានផងដែរ។ ទោះជាយ៉ាងណាមិនត្រូវដាក់ច្រើនពេកទេ ត្រឹមតែមួយចិប គឺគ្រប់គ្រាន់ហើយ។

២. រួមបញ្ចូលស៊ុតក្នុងអាហារពេលព្រឹក ឬអាចបន្ថែមក្នុងកាហ្វេក៏ប្រសើរ

ស្ដាប់ទៅហាក់ដូចជាប្លែកបន្តិច ប៉ុន្តែការបន្ថែមស៊ុតមួយគ្រាប់ចូលទៅក្នុងកាហ្វេពេលព្រឹកនឹងជួយបង្កើនរសជាតិកាហ្វេ ហើយថែមទាំងល្អសម្រាប់សុខភាពទៀតផង។ ប្រូតេអ៊ីនក្នុងស៊ុតអាចជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយ។ ប្រសិនមិនចូលចិត្តកាហ្វេថែមស៊ុតទេនោះ អ្នកគ្រាន់តែទទួលទានវាដូចធម្មតាជាមួយអាហារពេលព្រឹកដទៃទៀតក៏បាន។

៣​. សាកល្បងទទួលទានតែខ្មៅ ឬសូកូឡាក្ដៅៗលាយម្សៅឈើអែម

ប្រសិនបើអ្នកមិនចូលចិត្តកាហ្វេទេនោះ អ្នកអាចសាកល្បងទទួលទានតែខ្មៅ មួយពែងជំនួសវិញនៅពេលព្រឹក។ នេះក៏ព្រោះតែតែខ្មៅក៏មានផ្ទុកកាហ្វេអ៊ីននិងសារធាតុ L-theanine ដែលជួយឱ្យស្វាងនិងអាចផ្ដោតអារម្មណ៍បានយ៉ាងប្រសើរដែរ។ ប្រសិនបើមិនចូលចិត្តតែខ្មៅ អ្នកអាចទទួលទានសូកូឡាក្ដៅៗក៏បានដោយបន្ថែមម្សៅឈើអែមបន្តិចក្នុងនោះ។ ភេសជ្ជៈនេះជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ហើយរក្សាថាមពលមិនធ្វើឱ្យអ្នកអស់កម្លាំង។

៤. ទទួលទានទឹកមួយកែវ ឬបន្ថែមក្រូចឆ្មារមួយចំនិតចូលកាន់តែប្រសើរ

ការទទួលទានទឹកនៅពេលព្រឹក គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពកាន់តែប្រសើរ។ ទម្លាប់នេះមិនពិបាកឡើយ! ដូច្នេះចូរព្យាយាមទទួលទានទឹកមួយកែវរាល់ពេលក្រោកពីគេងនៅពេលព្រឹក។ អ្នកក៏អាចសាកល្បងបន្ថែមក្រូចឆ្មារមួយចំនិតចូលដើម្បីទទួលបានភេសជ្ជៈមួយកែវដែលជួយរក្សាជាតិទឹកក្នុងរាងកាយ សម្រួលការរំលាយអាហារនិងល្អសម្រាប់អ្នកចង់ស្រកទម្ងន់។ ក្រូចឆ្មារក៏មានផ្ទុកវីតាមីន C ដែលល្អសម្រាប់ស្បែកនិងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។

​៥. បើកតន្ត្រីស្តាប់

​ពិតណាស់តន្រ្តីមានឥទិ្ធពលយ៉ាងខ្លាំងលើអារម្មណ៍! ធ្លាប់ដឹងទេថាការស្តាប់តន្ត្រីអាចជួយឱ្យអារម្មណ៍ធូរស្បើយកាត់បន្ថយភាពតានតឹង ឬបញ្ហាថប់បារម្ភ? ចូរចាប់ផ្ដើមពេលព្រឹកដ៏ល្អបំផុតមួយដោយការស្តាប់តន្រ្តីបែបសប្បាយៗ កន្ត្រាក់អារម្មណ៍។

៦. រៀបចំសម្លៀកបំពាក់ទុកមុនមួយថ្ងៃ

ការរៀបចំសម្លៀកបំពាក់សម្រាប់ពេលព្រឹកឱ្យហើយតាំងពីយប់ គឺជាអ្វីដែលអ្នកគួរធ្វើដើម្បីចំណេញពេលវេលា។ ការរៀបចំឱ្យរួចមុនពេលបែបនេះក៏ជួយកាត់បន្ថយស្ត្រេស ហើយអ្នកក៏នឹងសល់ពេលច្រើនដើម្បីរៀបចំអាហារពេលព្រឹកនិងទម្លាប់ពេលព្រឹកដទៃទៀតផងដែរ។ ប្រសិនបើអ្នកដឹងរួចហើយថានឹងត្រូវស្លៀកអ្វី អ្នកមិនបាច់ត្រូវខ្វល់ចិត្ត ឬធុញនឹងរើសសម្លៀកបំពាក់នៅពេលព្រឹកទៀតឡើយ៕