Join with Health.com.kh on Telegram

ជំងឺខ្លាញ់រុំថ្លើមអាចត្រូវបានចែកចេញជា ២ ​ប្រភេទ គឺប្រភេទបង្កឡើងដោយជាតិអាកុល ឬគ្រឿងស្រវឹងដែលកើតឡើងចំពោះអ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក និងប្រភេទមិនបង្កឡើងដោយជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនកើតចំពោះអ្នកដែលអង្គុយយូរៗពេកក្នុងមួយថ្ងៃៗ ឬអ្នកធាត់ជ្រុល។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជា ជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម។ ប៉ុន្តែមិនថាអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចកែប្រែ ឬទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាឲ្យបាននូវរបបអាហារត្រឹមត្រូវមួយ។ ថាតើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារទាំងនោះ ៖

១. រមៀត

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលអាចទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។ ការទទួលទានអាហារលាយជាមួយរមៀតក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ 

២. ត្រី

ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនចាំបាច់ដែលជួយបង្កើនសមត្ថភាពជាលិកាថ្លើមក្នុងការជួសជុសការខូតខាត និងស្ដារភាពល្អប្រសើរនៃសុខភាពថ្លើមឡើងវិញ។

២. សាច់មាន់

ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប្រូតេអ៊ីនដែលមានប្រយោជន៍ណាស់សម្រាប់អ្នកមានបញ្ហាខ្លាញ់រុំថ្លើមមិនថាប្រភេទអ្វីក៏ដោយ។ ដើម្បីជាការប្រសើរអ្នកគួរជ្រើសរើសទទួលទានសាច់ទ្រូង និងជៀសវាងស្បែកមាន់ ដោយវាមានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់ដែលមិនល្អចំពោះថ្លើមកំពុងមានបញ្ហា។

៣. សាច់គ្មានខ្លាញ់

ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ​ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់ និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។

៤. ស៊ុត

ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ដែលជួយបង្កើនសមត្ថភាពជាលិកាថ្លើមក្នុងការជួសជុសស្ដាភាពល្អប្រសើរឡើងវិញ។ ហើយស៊ុតក៏ជាប្រភពនៃកូឡេស្តេរ៉ូលល្អដែលជួយកម្ចាត់
កូឡេស្តេរ៉ូលមិនល្អផងដែរ។

៥. បន្លែផ្លែឈើ

ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះបន្លែផ្លែឈើក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កឱ្យថ្លើមទទួលរងការរលាក។ បន្លែបៃតងនិងផ្លែឈើមិនត្រឹមតែប្រសើរជួយដោះស្រាយបញ្ហាខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ដូច្នេះចូរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើន។

៦. គ្រាប់ធញ្ញជាតិ

អាហារផ្សេងទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺគ្រាប់ធញ្ញជាតិ។ មិនត្រឹមតែជួយការពារប្រឆាំងទៅនឹងជំងឺខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាតិសសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែ និងវីតាមីនដែលចាំបាច់សម្រាប់សុខភាពរាងកាយទាំងមូល។ ការទទួលទានគ្រាប់ធញ្ញជាតិអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាកម្ចាត់ចោលនូវរាល់ជាតិពុល និងជាតិខ្លាញ់មិនល្អចេញពីថ្លើមផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៧. សណ្ដែកសៀង

ក៏ជាប្រភពដ័ល្អមួយនៃជាតិប្រូតេអ៊ីន ហើយសណ្ដែកសៀងក៏មានប្រសិទ្ធភាពទប់ស្កាត់ការប្រមូលផ្ដុំនៃជាតិខ្លាញ់ក្នុងថ្លើមផងដែរ។

៨. ខ្ទឹមស

ក៏មានប្រសិទ្ធភាពជួយទប់ស្កាត់ជាតិខ្លាញ់មិនអោយប្រមូលផ្ដុំក្នុងថ្លើមបានយ៉ាងប្រសើរផងដែរ។

៩. ក្រូចឆ្មារ

ការទទួលទានក្រូចឆា្មរ ឬទឹកក្រូចឆ្មារ គឺជាគន្លឹះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយជួយទប់ស្កាត់ហានិភ័យនៃបញ្ហាខ្លាញ់រុំថ្លើម។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ជម្រុញការផលិត glutathione របស់ថ្លើមដើម្បីសម្រួលដល់ដំណើរការមុខងារកាន់តែល្អប្រសើរ។

១០. ខ្លាញ់មិនឆ្អែត

មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ ដូចជាប្រភេទខ្លាញ់មិនឆ្អែតដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល។ អាហារដែលមានផ្ទុកជាតិខ្លាញ់មិនឆ្អែតមានដូចជាគ្រាប់ពូជ គ្រាប់ធញ្ញជាតិ និងសូម្បីតែប្រេងអូលីវដែលពង្រឹងសុខភាពបេះដូង រួមបញ្ចូលទាំងមុខងារខួរក្បាល។ នេះហើយជាមូលហេតុប្រសិនបើកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម អ្នកគួររួមបញ្ចូលអាហារមានជាតិខ្លាញ់មិនឆ្អែតក្នុងរបបអាហារប្រចាំថ្ងៃ។

សម្គាល់៖ ក្រៅពីរក្សាបាននូវរបបអាហារល្អហើយនោះ ដើម្បីរក្សាបាននូវសុខភាពថ្លើមប្រសើរអ្នកក៏គួរព្យាយាមធ្វើលំហាត់ប្រាណ ឈប់ជក់បារី រក្សាទម្ងន់ត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ មិនទប់នោមយូរនិងកាត់បន្ថយ ឬផ្អាកការទទួលទានគ្រឿងស្រវឹងផងដែរ៕