Join with Health.com.kh on Telegram

ជំងឺសសៃឈាមបេះដូងកើនឡើងជាលំដាប់មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយនៃជំងឺនេះបណ្ដាលមកពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាច​​បញ្ចុះកម្រិតកូឡេស្តេរ៉ូលដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់មួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយទប់ស្កាត់កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ៖

១. ឈប់ជក់បារី

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយដែលការជក់បារី គឺអាក្រក់ចំពោះសុខភាព។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ការជក់បារីក៏កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អខ្ពស់ដែលនឹងបង្កអោយមានគ្រោះថ្នាក់ចំពោះសសៃឈាម? ជាលទ្ធផលបញ្ហានៃការធ្លាក់ចុះនូវកម្រិតកូឡេស្តេរ៉ូលល្អបង្កើនហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូងគួរឱ្យព្រួយបារម្ភ។

២. រក្សារបបអាហារសុខភាពល្អ

ការទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើនពេក ក៏បង្កបញ្ហាកម្រិតកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់គួរអោយកត់សម្គាល់ផងដែរ។ ដើម្បីជៀសផុតពីបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរកាត់បន្ថយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដោយជំនួសមកវិញនូវបន្ថែផ្លែឈើស្រស់ ត្រីសម្បូរខ្លាញ់ ព្រមទាំងធញ្ញជាតិគ្រាប់ពេញដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិសសៃដែលល្អសម្រាប់សុខភាពបេះដូង។

៣. គ្រប់គ្រងទម្ងន់ត្រឹមត្រូវ

ការធាត់លើសទម្ងន់ គឺជាកត្តាចម្បងបំផុតមួយទៀតនៃការកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលមិនល្អ។ នោះក៏ព្រោះតែការលើសទម្ងន់បង្កើនជាតិខ្លាញ់ទ្រីគ្លីសេរីដនិងកាត់បន្ថយកូឡេស្តេរ៉ូលល្អ ឬប្រូតេអ៊ីន HDL។

៤. គ្រប់គ្រងភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសគ្រប់ពេលសឹងតែរាល់ថ្ងៃអាចនឹងបង្កបញ្ហាសុខភាពជាច្រើន។ នោះក៏ព្រោះតែស្ត្រេសកាត់បន្ថយភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំគួរឱ្យព្រួយបារម្ភ ហើយអ្នកនឹងងាយប្រឈមមុខជាមួយជំងឺ ឬបញ្ហាសុខភាពផ្សេងៗ រួមទាំងបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។

៥. ធ្វើលំហាត់ប្រាណជាប្រចាំ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកង្វះសកម្មភាពរាងកាយអាចបង្កើនកម្រិតនៃកូឡេស្តេរ៉ូលមិនល្អគួរឱ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាណាមួយដែលបង្កឡើងដោយសារកម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ ចូរព្យាយាមធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណអោយបានទៀងទាត់។

៦. ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម

ចូរបញ្ឈប់ ឬកម្រិតការទទួលទានគ្រឿងស្រវឹងប្រសិនបើអ្នកចង់កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ឬ ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គឺមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូលដែលវាអាចបង្កជាជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមទាំងបញ្ហាកូឡេស្តេរ៉ូលឡើងខ្ពស់បង្កើនហានិភ័យនៃជំងឺបេះដូង៕