ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្ដដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះអាចបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភដល់ទារកក្នុងផ្ទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសុខភាពផ្លូវចិត្តទាំងនេះបង្កើនហានិភ័យនៃបញ្ហាសម្រាលមុនកំណត់ ឫមិនគ្រប់គីឡូជាដើម។ ទោះជាយ៉ាងណាក្រៅពីជំងឺថប់បារម្ភនិងធ្លាក់ចិត្តហើយនោះ ក៏នៅមានចំនុចមួយចំនួនទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរប្រសិនបើស្ត្រីជាម្ដាយមិនបានប្រុងប្រយ័ត្នឫធ្វេសប្រហែស។ ថាតើសកម្មភាព ឬទម្លាប់ស្មានមិនដល់អ្វីខ្លះអាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពមួយចំនួនគួរចៀសវាងកំឡុងពេលមានផ្ទៃពោះ ៖
១. គេងត្រាំក្នុងអាងទឹកក្ដៅ ឬសូណា
សីតុណ្ហភាពក្ដៅខ្លាំងក្នុងកន្លែងសូណា ឬអាងទឹកក្ដៅ គឺជាកត្តាគួរឱ្យព្រួយបារម្ភបំផុតមួយកំឡុងពេលមានផ្ទៃពោះ។ ទោះបីជាការត្រាំទឹកក្ដៅ ឬសូណាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ប៉ុន្តែវាមិនល្អសម្រាប់ទារកក្នុងផ្ទៃឡើយ។ ដឹងទេ? ទារកក្នុងផ្ទៃមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកគេកំឡុងពេលនៅក្នុងពោះរបស់អ្នកឡើយ! សីតុណ្ហភាពក្ដៅខ្លាំងនៅបន្ទប់សូណា ឬអាងទឹកក្ដៅអាចបង្កបញ្ហាដល់សុខភាពខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរត្រាំទឹកក្ដៅយូរជាង ១០ នាទីឡើយ។ ហើយគួរងូតទឹកដែលមានសីតុណ្ហភាពស្របនឹងកម្ដៅរាងកាយ។
២. ឈ្លោះប្រកែកគ្នានិងស្រែកខ្លាំងៗ
នោះក៏ព្រោះតែការឈ្លោះប្រកែកគ្នាអាចបង្កជំងឺថប់បារម្ភនិងធ្លាក់ទឹកចិត្តចំពោះស្ត្រីជាម្ដាយដែលអាចជះឥទ្ធិពលកាន់តែគួរឱ្យបារម្ភចំពោះទារកក្នុងផ្ទៃ។ បញ្ហាសុខភាពផ្លូវចិត្តរបស់ម្ដាយអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាល និងប្រព័ន្ធភាពស៊ាំនៃទារកក្នុងផ្ទៃ។ លើសពីនេះទៅទៀតការស្រែកក៏មិនល្អចំពោះស្ត្រីជាម្ដាយផ្ទាល់ផងដែរដោយវាអាចនាំឱ្យឈឺក្បាល ចង្អោរចង់ក្អួត និងពិបាកគេងលក់។
៣. ទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនជ្រុល
ការទទួលទានអាហារ ឬភេសជ្ជៈផ្អែមច្រើនពេក គឺមិនល្អសោះឡើយសម្រាប់សុខភាពមនុស្សគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាស្ត្រីជាម្ដាយដែលទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ឬភេសជ្ជៈផ្អែមច្រើនកំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឱ្យទារកជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការចងចាំ។
៤. យំ
ការយំកំឡុងពេលមានផ្ទៃពោះក៏ជារឿងធម្មតាមួយដែរ។ ទោះជាយ៉ាងណាការយប់អាចនឹងក្លាយជាអាការៈគួរឱ្យព្រួយបារម្ភចំពោះទាំងសុខភាពម្ដាយ រួមទាំងកូនក្នុងផ្ទៃ ប្រសិនបើមានអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាបាត់បង់ចំណង់អាហារ មានអារម្មណ៍ខុសរហូត គេងច្រើនពេក និងបាត់បង់អារម្មណ៍រីករាយចង់ធ្វើសកម្មភាពអ្វីផ្សេងៗ។
៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើន
ការទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន គឺមិនល្អឡើយចំពោះសុខភាព។ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនលើសពី ៣០០ មីលីក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះឡើយ! នោះក៏ព្រោះតែជាតិកាហ្វេអ៊ីនអាចនឹងចូលទៅដល់ក្នុងសុក ហើយជ្រៀតចូលក្នុងចរន្តឈាមហូររបស់ទារកក្នុងផ្ទៃ។
៦. គេងមិនបានគ្រប់គ្រាន់
ស្ត្រីមួយចំនួនអាចជួបប្រទះបញ្ហាដំណេកកំឡុងពេលមានផ្ទៃពោះ។ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យមានអារម្មណ៍មិនល្អនិងចង្អោរចង់ក្អួត។ ដូច្នេះដើម្បីជាការប្រសើរចូរកំណត់ម៉ោងគេងឱ្យបានត្រឹមត្រូវ។ ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យអំពីទីតាំងល្អប្រសើរមួយដែលជួយឱ្យអ្នកគេងបានស្រួលនិងល្អចំពោះទារកក្នុងផ្ទៃ។
៧. អសកម្មភាពរាងកាយនិងទទួលទានច្រើនជ្រុល
ការកើនទម្ងន់ខ្លាំងកំឡុងពេលមានផ្ទៃពោះអាចនាំឱ្យមានផលវិបាកជាច្រើនចំពោះទាំងការលូតលាស់របស់ទារកក្នុងផ្ទៃនិងសុខភាពម្ដាយក្រោយពេលសម្រាល។ លើសពីនេះទៅទៀតវាក៏បង្កើនហានិភ័យនៃជំងឺធាត់ជ្រុលលើទារកផងដែរ។ ដើម្បីជាការប្រសើរស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ កុំភ្លេចដើរដោយវាមិនត្រឹមតែជួយរក្សារាងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ខួរក្បាលក្នុងការទទួលបានអុកស៊ីសែនបន្ថែម៕