Join with Health.com.kh on Telegram

ពិតណាស់ការទទួលទានអាហារសុខភាពល្អ គឺគន្លឹះចាំបាច់បំផុតមួយដើម្បីរក្សាបាននូវសុខភាពប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយភាគច្រើននៃពួកយើងបានដឹងអំពីប្រភេទនៃអាហារសុខភាពល្អ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាវាអាចបង្កប៉ះពាល់មួយចំនួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសុខភាពល្អមួយចំនួនដែលតាមពិតទៅអាចជះឥទ្ធិពលអវិជ្ជមាន ៖

១. ទឹកផ្លែឈើ

ធ្លាប់ដឹងទេថាទឹកផ្លែឈើដែលដាក់លក់លើទីផ្សារភាគច្រើនមានផ្ទុកជាតិស្ករខ្ពស់ដូចក្រូចកំប៉ុងដែរ? លើសពីនេះទៅទៀតទឹកផ្លែឈើកំប៉ុង ឬដបគ្មានផ្ទុកវីតាមីននិងកាឡូរីគ្រប់គ្រាន់ដែលផ្ដល់ថាមពល ក៏ដូចជាអត្ថប្រយោជន៍ចំពោះសុខភាពឡើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសទទួលទានផ្លែឈើស្រស់ជាប្រចាំជំនួសវិញ។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តទទួលទានទឹកផ្លែឈើស្រស់ ចូរធ្វើខ្លួនឯងនៅផ្ទះ! ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនពេកឡើយ ក៏ព្រោះវានៅតែមានផ្ទុកជាតិស្ករខ្ពស់ជាងការទទួលទានផ្លែឈើធម្មតា។

​២. ទឹកដោះគោ

ទោះបីជាទឹកដោះគោមានផ្ទុកសម្បូរទៅដោយកាល់ស្យូមនិងវីតាមីន D ក៏ដោយ ប៉ុន្តែប្រសិនទទួលទានច្រើនពេកអ្នកប្រហែលជាប្រឈមមុខនឹងបញ្ហាលើសកាឡូរីដែលត្រូវការប្រចាំថ្ងៃ។ ហើយប្រសិនបើអ្នកទទួលទានសាច់និងស៊ុតរាល់ថ្ងៃទៀតនោះហានិភ័យនៃបញ្ហាលើសកាឡូរីក៏ប្រាកដជាកើនឡើងខ្ពស់ដែរ។

៣. ត្រីសាលម៉ុនចិញ្ចឹម

ត្រីសាលម៉ុនជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា3។ ទោះជាយ៉ាងណាត្រីសាលម៉ុនចិញ្ចឹមមិនដូចគ្នាឡើយ ពោលគឺវាសម្បូរដោយសារធាតុគីមីដែលអាចបង្កផលប៉ះពាល់សុខភាព។ ទោះបីជាប្រទេសមួយចំនួនបានចិញ្ចឹមត្រីប្រភេទនេះទៅតាមបទដ្ឋាននៃការចិញ្ចឹមដោយប្រើប្រាស់សារធាតុគីមីសមល្មមតាមស្តង់ដា ក៏នៅតែមានការចិញ្ចឹមមួយចំនួនផ្តោតលើតម្រូវការដែលអាចជះឥទ្ធិពលមិនល្អគួរឱ្យបារម្ភ។ ដើម្បីជាកាប្រសើរប្រសិនបើមិនអាចឈប់ទទួលទានត្រីសាលម៉ុនទេនោះ ចូរកុំភ្លេចត្រួតពិនិត្យមើលប្រភពរបស់វា។

៤. ត្រីធូណា

ត្រីធូណាមិនមែនសុទ្ធតែល្អសម្រាប់គ្រប់គ្នានោះឡើយ ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម១០ឆ្នាំ! នេះក៏ព្រោះសាច់ត្រីធូណាមានផ្ទុកសម្បូរទៅដោយសារធាតុបារតខ្ពស់។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទាន។

៥. ភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត

ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម៕