ការសម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ជាតិពុលបានយ៉ាងងាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានឥទ្ធិពលបន្សាបជាតិពុលពីក្នុងរាងកាយ ៖
១. បន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
២. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៣. ម្ទេសផ្លោក
ម្ទេសប្លោក មានផ្ទុកនូវជាតិសសៃ និងសមាសធាតុស្ពាន់ធ័រដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយទាំងមូល។
៤. យ៉ាអួរ
មានផ្ទុកប្រូបាយអូទិកដែលជួយរក្សាបង្កើនបាក់តេរីល្អក្នុងពោះវៀនអាចបន្សាបជាតិពុលពីក្នុងរាងកាយបានកាន់តែប្រសើរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ខ្ទឹមស
ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៦. គ្រាប់ជី
ល្អសម្រាប់សម្អាតពោះវៀន។ ការទទួលទានទឹកគ្រាប់ជីជួយកម្ចាត់ជាតិពុលនិងសម្រួលចលនាពោះវៀនឱ្យកាន់តែមានលក្ខណៈប្រសើរឡើង។ ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ គ្រាប់ជីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូងថែមទៀតផង៕