បញ្ហាគួរឱ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាបង្កើនហានិភ័យនៃជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោម ដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម ជំងឺតម្រងនោម ថ្នាំបំបាត់ការឈឺចាប់ ថ្នាំពន្យារកំណើត ស្ត្រេស មិនសូវហាត់ប្រាណ ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន ទទួលទានគ្រឿងស្រវឹងលើសកម្រិត កត្តាហ្សែន និងជំងឺធាត់ជ្រុលសុទ្ធតែជាមូលហេតុដែលបង្កអោយកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីសុខភាពល្អប្រសើរនិងចៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាសម្ពាធឈាមក្នុងកម្រិតត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖

១. ឪឡឹក

ឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលល្អសម្រាប់អ្នកជំងឺលើសឈាម។ ការទទួលទានទឹកឪឡឹកក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់មិនឱ្យកើតឡើងចំពោះអ្នកដែលមានសម្ពាធឈាមធម្មតាផងដែរ។ លើសពីនេះទៅទៀតទឹកឪឡឹកស្រស់ក៏ជាប្រភពនៃសារធាតុ L-citrulline និងអាស៊ីតអាមីណូដែលអាចជួយគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាមគួរឱ្យកត់សម្គាល់។

២. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិប៉ូតាស្យូមនិងសារធាតុ carotenoids ដែលមានប្រសិទ្ធភាពជួយបញ្ចុះសម្ពាធឈាម។

៣. ក្រូចថ្លុង

សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។

៤. មើមឆៃថាវក្រហម

ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ប្រសិទ្ធភាព​នេះ​បាន​មក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់។ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ដោយសារ​ធាតុ​នីត្រាត​អាច​នាំ​ឱ្យ​មាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាមដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុក​ស៊ី​សែន​នៅ​កន្លែង​ដែល​រាង​កាយ​ខ្វះ។ លើសពីនេះទៅទៀតទឹកមើមឆៃថាវក្រហមក៏ជួយធ្វើអោយសសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។

៥. ផ្លែចេក

ផ្លែឈើមួយប្រភេទទៀតដែលមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនោះ គឺផ្លែចេក។ ផ្លែឈើនេះងាយរកបាន ហើយមានតម្លៃថោកសមរម្យថែមទៀត! ដើម្បីចៀសផុតពីបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬប្រសិនបើចង់បញ្ចុះសម្ពាធឈាម ចូរទទួលទានផ្លែចេកឱ្យបានជាប្រចាំ។

៦. ផ្លែគីវី

គីវី ជាប្រសើរបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូមក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីបញ្ហានៃជំងឺបេះដូង, ជំងឺដាច់សសៃឈាមខួរក្បាល ព្រមទាំងជំងឺលើសឈាម។

៧. ខ្ទឹមស

មានប្រសិទ្ធិភាពពង្រឹងប្រព័ន្ធភាពស៊ាំ និងបេះដូង។ ខ្ទឹមស ត្រូវបានចាត់ទុកជាឱសថធម្មជាតិសម្លាប់មេរោគ គ្រប់គ្រងសម្ពាធឈាម និងជួយសម្លាប់ពពួកប៉ារ៉ាស៊ីត។ ការទទួលទានខ្ទឹមសជួយបញ្ចុះសម្ពាធឈាម និងបង្កើនចរន្តឈាមរត់បានយ៉ាងប្រសើរ។ អ្វីដែលពិសេសទៅទៀតនោះ គឺខ្ទឹមស ក៏មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកផងដែរ។

៨. ខ្ទឹមបារាំង

សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំងដើរតួនាទីជាភ្នាក់ងារជួយបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ឬគាំងបេះដូងគួរឱ្យកត់សម្គាល់។ ខ្ទឹមបារាំងក៏មានផ្ទុកសារធាតុ quercetin ជួយទប់ស្កាត់បញ្ហាស្ទះសសៃឈាមផងដែរ។

៩. ត្រសក់

សម្ពាធឈាមឡើងខ្ពស់បង្កហានិភ័យនៃជំងឺគួរអោយព្រួយបារម្ភជាច្រើន។ ប៉ុន្តែកុំបារម្ភ! ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។

១០. ខ្នុរ

ខ្នុរក៏មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ហើយការរក្សាបាននូវសម្ពាធឈាមប្រក្រតីនឹងធ្វើឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺបេះដូងដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺលើសសម្ពាធឈាម៕