ពាក្យថាដំបៅក្រពះពោះវៀន មានន័យថា ជាការកើតដំបៅអាចនៅក្នុងក្រពះ ឬក៏ក្នុងពោះវៀនតូច។ ពេលខ្លះដំបៅបែបនេះអាចបង្កជាការហូរឈាមបាន ដែលរឿងនេះអាចគម្រាមគំហែងដល់អាយុជីវិតអ្នកជំងឺដែរ។ យ៉ាងណាមិញ ការហូរឈាមតិចតួចជាលក្ខណៈដំបៅច្រើនតែមិនមែនជារឿងធ្ងន់ធ្ងរភ្លាមៗទេ ហើយក៏ប្រហែលជាមិនសម្គាល់ដឹងផង ប៉ុន្តែវាជារឿងដែលត្រូវការការព្យាបាល។ 

ជំងឺដំបៅក្រពះពោះវៀនអាចជារឿងដែលពិបាកកំណត់រោគវិនិច្ឆ័យ ដោយសារតែអ្នកខ្លះមិនមានរោគសញ្ញាសោះតែម្តង។ សម្រាប់អ្នកដែលមានរោគសញ្ញាច្រើនតែអាចសម្គាល់ដឹងលឿនដូចជា៖

  • ឈឺចាប់នៅពោះផ្នែកខាងលើ ដែលវាកាន់តែធ្ងន់ធ្ងរក្រោយពីញ៉ាំអាហារ ឬពេលមិនមានអាហារសោះក្នុងក្រពះ
  • ចង្អោ ឬក្អយត
  • មានអារម្មណ៍ណែនៗក្នុងពោះ ឬហើមពោះ

បើសិនជាជំងឺដំបៅក្រពះពោះវៀនចាប់ផ្តើមហូរឈាម អ្នកជំងឺប្រហែលជាអាចសម្គាល់ដឹងដូចជា៖

  • លាមកខ្មៅ ហើយស្អិត
  • លាមកក្រហមក្រមៅ
  • កម្អួតមើលទៅដូចកាកកាហ្វេ ឬមានឈាម
  • សន្លប់ ឬមានអារម្មណ៍ធីងធោង

មនុស្សម្នាក់ដែលមានរោគសញ្ញាអស់ទាំងនេះគួរតែស្វែងរកការព្យាបាលភ្លាមៗ។ ករណីដំបៅហូរឈាមធ្ងន់ធ្ងរ អាចបណ្តាលឲ្យបាត់បង់ឈាម និងស្លាប់បានបើសិនជាមិនមានការព្យាបាលទេ។ 

ក្រពះជាអ្នកផលិតអាស៊ីតដ៏ខ្លាំងមួយដែលសំខាន់សម្រាប់ការរំលាយអាហារ។ អាស៊ីតទាំងនេះច្រើនតែមិនអាចបំផ្លាញផ្លូវរំលាយអាហារឡើយ ដោយសារតែមានភ្នាស់ទឹករំអិលក្រាលពីលើផ្លូវនេះ។ ប៉ុន្តែ ករណីខ្លះ រាងកាយកំពុងជម្រុញដល់ក្រពះផលិតអាស៊ិតនេះច្រើនជ្រុល ហើយភ្នាស់ក្នុងផ្លូវក្រពះពោះវៀនទប់មិនឈ្នះ ក៏អាចធ្វើឲ្យខូចខាត ឬរលាកបានដែរ។ នៅពេលរឿងនេះកើតឡើង អាស៊ីតប្រហែលជាអាចបំផ្លាញភ្នាសក្នុងផ្លូវក្រពះពោះវៀន ហើយបង្កជាដំបៅបាន។ 

ភាគច្រើនជំងឺដំបៅក្រពះពោះវៀនកើតឡើងដោយសារហេតុផលជាក់ស្តែង និងកត្តាជាច្រើនដូចជា៖

ប្រើថ្នាំពពួក NSAIDs

ការប្រើថ្នាំបំបាត់ការឈឺចាប់ពពួក NSAIDs (Non-steroidal Anti-inflammatory Drugs) ក្នុងកម្រិតមួយខ្ពស់ ឬរយៈពេលយូរ អាចធ្វើឲ្យកើតជាដំបៅហូរឈាមក្នុងក្រពះពោះវៀនបាន។ នេះដោយសារតែថ្នាំនេះទៅទប់ស្កាត់សារធាតុគីមីពិសេសមួយក្នុងរាងកាយ ដែលការពារភ្នាស់ក្រពះពីអាស៊ីតរបស់វា។ 

ថ្នាំ NSAIDs ដែលគេប្រើប្រាស់ញឹកញ៉ាប់មានដូចជា៖

  • Ibuprofen
  • Naproxen
  • Aspirin

ថ្នាំ NSAIDs ក៏អាចបន្ថយសមត្ថភាពកកឈាមបានដែឬ ដូច្នេះវាអាចធ្វើឲ្យដំបៅងាយនឹងហូរឈាមបាន។ 

ការបង្ករោគដោយ H. Pylori

មេរោគ Helicobacter Pylori ឬ H. Pylori គឺជាបាក់តេរីមួយប្រភេទដែលអាចបង្ករោគនៅក្នុងក្រពះបាន។ វាមាននាទីធ្វើទុក្ខដល់ភ្នាស់ទឹករំអិលរបស់ក្រពះ ដូច្នេះក៏អនុញ្ញាតិឲ្យអាស៊ីតជ្រាប់ទៅដល់សាច់ក្រពះ និងបំផ្លាញជាលិកានេះបាន។ អ្នកជំនាញជាច្រើនមិនបានដឹងច្បាស់ថាតើមនុស្សយើងឆ្លងបាក់តេរីនេះចូលក្នុងខ្លួនដោយរបៀបម៉េចដែរ។ ប៉ុន្តែអ្នកខ្លះជឿថា វាត្រូវបានគេរកឃើញនៅក្នុងទឹក និងអាហារមានមេរោគ។ 

មេរោគ H. Pylori ក៏ប្រហែលជារាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន។ ការយកចិត្តទុកដាក់ទៅលើការលាងសម្អាតដៃញឹកញាប់ និងញ៉ាំតែអាហារស្អាត អាហារនិងភេសជ្ជៈមានសុវត្ថិភាពគឺជាមធ្យោបាយដែលអាចចៀសវាងការបង្ករោគនេះបាន។ 

ជំងឺ Zollinger-Ellison syndrome (ZES)

Zollinger-Ellison syndrome (ZES) គឺជាជំងឺដែលមិនសូវកើតឡើងញឹកញាប់ឡើយដែលធ្វើឲ្យកើតជាដុំសាច់ក្នុងក្រពះ ពោះវៀនតូច ឬលំពែង។ ដុំសាច់ទាំងនេះនឹងធ្វើឲ្យក្រពះផលិតអាស៊ីតច្រើនជាតម្រូវការដែលនាំឲ្យកើតជាដំបៅក្រពះពោះវៀនបាន។ ដុំសាច់ដែលបង្កឡើងដោយ ZES ប្រហែលជា ឬមិនមែនជាមហារីកទេ។ 

រោគសញ្ញាជំងឺនេះ មានលក្ខណៈស្រដៀងគ្នានឹងអ្នកមានជំងឺដំបៅក្រពះពោះវៀនដែរដូចជា ការឈឺងំ ឬឈឺបែបក្រហាយក្នុងពោះ ព្រមទាំងមានបញ្ហាច្រើនលើការរំលាយអាហារដូចជា រាករូស ចង្អោ ថយចុះចំណង់អាហារ ហើមពោះ និងភឺ។

ដំបៅជាមួយនឹងមូលហេតុផ្សេងៗទៀត

តាមការសិក្សាពីមុនបាននិយាយថា ជំងឺដំបៅក្រពះពោះវៀនរហូតដល់ ៩០ភាគរយបង្កឡើងដោយមេរោគ H. Pylori និងការប្រើថ្នាំពពួក NSAIDs។ ប៉ុន្តែតាមការសិក្សាថ្មីមួយក្នុងសារព័ត៌មាន Asian Pacific Journal of Cancer Prevention បាននិយាយថា ដំបៅដែលមិនមែនបង្កឡើងដោយមេរោគ H.pylori និង ប្រើថ្នាំ NSAIDs កំពុងតែកើនឡើងច្រើន។ 

ការសិក្សាដែលបានធ្វើក្នុងប្រទេសថៃបាននិយាយថា កត្តាផ្សេងៗទៀតរួមទាំង គ្រឿងស្រវឹង ការបង្ករោគផ្សេងៗទៀត ការប្រើថ្នាំ ឬជំងឺទាំងជំងឺមហារីកក្រពះ និងពោះវៀន ប្រហែលជាដើមហេតុមួយដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង