ជារឿងធម្មតាទេដែលឪពុកម្តាយតែងបារម្ភនិងស្រលាញ់កូនរបស់ខ្លួន ហើយចង់ឱ្យជិវិតពួកគេល្អឥតខ្ចោះ។ នេះក៏ជាមូលហេតុដែលនាំឱ្យឪពុកម្ដាយភាគច្រើនរឹតបន្តឹង ប្រៀនប្រដៅ និងព្យាយាមគ្រប់គ្រងលើគ្រប់ជំហានក្នុងដំណើរជីវិតកូនៗរបស់ខ្លួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានពាក្យសម្ដីមួយចំនួនយកល្អឪពុកម្តាយមិនគួរនិយាយទៅកាន់កូនឡើយបើពាក្យនោះស្តាប់ទៅហាក់ដូចជាធម្មតា ក៏ពេលខ្លះវានៅតែអាចប៉ះពាល់ដល់អាម្មណ៍ក្មេង។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីពាក្យសម្ដីមួយចំនួនដែលឪពុកម្ដាយយកល្អកុំនិយាយដាក់កូនអី ៖
១. កូននឹងអាចក្លាយជាអ្វីគ្រប់យ៉ាងតាមដែលកូនចង់
ការគាំទ្រក្តីស្រមៃ បំណងប្រាថ្នា និងចំណង់ចូលចិត្តរបស់កូន គឺជារឿងល្អ ក៏ប៉ុន្តែបើក្មេងមានមហិច្ឆិតាខ្លាំងជ្រុលពេក គឺអាចនឹងនាំឱ្យមានផលអវិជ្ជមាននៅពេលក្រោយចំពោះគេខ្លួនឯង។ ជំនួសការលើកសរសើរ ឬគាំទ្រផ្កាប់មុខ ឪពុកម្ដាយគួរបង្រៀនកូនឱ្យចេះត្រៀមខ្លួនរៀបគម្រោងសាគួរក្នុងករណីដែលគេមិនអាចសម្រេចបាននូវក្តីស្រមៃឫបំណងនាពេលអនាគត ក៏ពួកគេនៅសល់គម្រាងមួយទៀតដើម្បីខិតខំប្រឹងប្រែងបន្ត។ ពិតណាស់មិនមែនក្មេងៗគ្រប់រូបសុទ្ធតែអាចសម្រេចគោលដៅ ឬក្ដីស្រមៃរបស់គេឡើយបើទោះជាខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ ការងាររបស់ឪពុកម្តាយ គឺបង្រៀនកូនឱ្យទទួលស្គាល់ការពិតនិងកំណត់គោលដៅជិវិតឱ្យសមស្របនឹងសមត្ថភាពរបស់ពួកគេ ហើយក៏កុំភ្លេចប្រាប់កូនជាការដាស់តឿនផងថាក្នុងជីវិតពិតកូនមិនអាចជួបតែរឿងល្អសមប្រកបរហូតឡើយ។
២. កូនត្រូវតែធ្វើវា ទោះបីមិនចេះ ឬមិនអាចធ្វើបានក៏ដោយ
តើអ្នកដឹងទេថាឃ្លានេះក៏អាចនឹងបង្កគ្រោះថ្នាក់ដល់រាងកាយក្មេងបានដែរ? ការនិយាយបែបនេះហាក់ដូចជាបង្ខំក្មេងឱ្យធ្វើអ្វីលើសពីកម្លាំងរាងកាយរបស់ពួកគេ។ ឧទាហរណ៍នៅពេលអ្នកឱ្យកូនទទួលការហ្វឹកហាត់ដើម្បីក្លាយជាអត្តពលិក ឬអ្នកកីឡាណាមួយ ឬហាត់របាំដែលតម្រូវឱ្យពត់ពែនខ្លួនធ្វើសកម្មភាពរាងកាយខ្លាំង។ ដើម្បីជាការប្រសើរចូរបង្រៀនកូនឱ្យហ៊ានប្រាប់នៅពេលពួកគេទទួលយកការឈឺចាប់ ឬអារម្មណ៍ពិបាកមិនបាន។
៣. កូនឯង កាត់រក (ឪឬម៉ែ) ឯងណាស់
តាមពិតវាមិនខុសទាស់អ្វីទេក្នុងការប្រៀបប្រដូចកូនរបស់អ្នកទៅនឹងសមាជិកគ្រួសារណាម្នាក់ក្នុងផ្លូវល្អ។ ប៉ុន្តែជាញឹកញយឃ្លាមួយនេះច្រើនតែបង្កប់ន័យអវិជ្ជមានមិនល្អជានិច្ច! ហើយមិនត្រឹមតែសម្ដៅលើទង្វើរបស់ក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើអត្តចរិករបស់ឪពុកម្ដាយក្នុងន័យរិះគន់ផងដែរ។ វាអាចបណ្ដាលឱ្យក្មេងភ័ន្តភាំងមិនដឹងគួរធ្វើតាម ឬនៅខាងឪពុក ឬម្ដាយរបស់ខ្លួន ខណៈដែលគេព្យាយាមផ្គាប់ចិត្តភាគីម្ខាង។
៤. កូនពូកែបំផុតហើយ គ្មាននរណាប្រៀបនឹងកូនបានឡើយ
ទោះបីជាអ្នកនិយាយពាក្យមួយឃ្លានេះទៅកាន់កូនដោយក្តីស្រលាញ់ក៏ដោយ ក៏វាប្រហែលជានឹងអាចជះឥទ្ធិពលអវិជ្ជាមានដល់ភាពជឿជាក់របស់ពួកគេស្មានមិនដល់។ ការនិយាយបែបនេះអាចបង្កជាស្ថានភាពមួយដែលក្មេងគ្មានចិត្តចង់សាកល្បងអ្វីថ្មីដោយខ្លាចថានឹងធ្វើមិនបានល្អ ឬបរាជ័យ ហើយមិនហ៊ានប្រឈមមុខជាមួយការរំពឹងទុករបស់ឪពុកម្ដាយខ្លួន។
៥. ញុំាំបន្លែទាំងនេះទៅវាល្អណាស់ចំពោះសុខភាពកូន
ឃ្លានេះមិនជួយឱ្យក្មេងចង់ញ៊ាំអាហារឡើយ! ដើម្បីជាការប្រសើរអ្នកគួរនិយាយថាញ៊ាំបន្លែទាំងនេះទៅកូនវាឆ្ងាញ់ណាស់ជំនួសវិញ។
៦. កុំនិយាយជាមួយមនុស្សប្លែកមុខ
ចំពោះក្មេងឃ្លានេះ គឺពិបាកនឹងឱ្យពួកគេយល់ណាស់! លើសពីនេះទៅទៀតគេអាចនឹងមិនហ៊ាននៅជិត ឬនិយាយជាមួយអ្នកដទៃគ្រប់គ្នាតែម្ដង រួមបញ្ចូលទាំងអ្នកដែលចង់ជួយពួកគេសូម្បីតែប៉ូលីសជាដើម។ ជំនួសឱ្យការនិយាយហាមកូនពីជនប្លែកមុខ ឬអ្នកមិនស្គាល់ អ្នកគួរព្យាយាមពន្យល់គេថាគួរធ្វើបែបណាពេលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ឬមិនស្រួលណាមួយ។ ឧទាហរណ៍ ប្រសិនបើមនុស្សប្លែកមុខហៅ ឬសុំឱ្យជួយ កូនត្រូវពឹងមនុស្សធំផ្សេងទៀតកុំហ៊ានចូលទៅក្បែរតែម្នាក់ឯង៕