បេះដូងជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែនិងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឱ្យអ្នកមានអាយុវែង ឬរស់បានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយក្រៅពីកត្តាហ្សែន របៀបរបបក្នុងការរស់នៅ និងការធ្វើលំហាត់ប្រាណជាប្រចាំនោះរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរទប់ស្កាត់ជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតចំពោះបេះដូង ៖
១. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
២. ត្រី
ក្រៅពីផ្ដល់អោយរាងកាយនូវបរិមាណប្រូតេអ៊ីនចាំបាច់ហើយនោះ ត្រីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ដូច្នេះអាចនិយាយបានថាត្រី គឺជាប្រភពប្រូតេអ៊ីនដ៏ប្រសើរបំផុតសម្រាប់បេះដូង។លើសពីនេះទៅទៀត ត្រីក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូង ខួរក្បាល អារម្មណ៍ និងសន្លាក់គួរអោយកត់សម្គាល់។ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរជ្រើសរើសទទួលទានត្រីសម្បូរខ្លាញ់។
៣. សាច់មាន់
ក្រៅពីប្រូតេអ៊ីនហើយនោះ សាច់មានក៏ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សុខភាពបេះដូងផងដែរ។ ទោះជាយ៉ាងណា ចូរជ្រើសរើសសាច់ទ្រូងមកទទួលទានក៏ព្រោះផ្នែកនេះមានផ្ទុកប្រូតេអ៊ីនខ្ពស់ ប៉ុន្តែជាតិខ្លាញ់មិនល្អនិងកូឡេស្តេរ៉ូលទាប។
៤. ប៉េងប៉ោះ
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់សុខភាពបេះដូងគួរអោយកត់សម្គាល់។ លើសពីនេះទៅទៀត ប៉េងបោះក៏មានផ្ទុកបរិមាណជាតិសសៃខ្ពស់ ប៉ូតាស្យូម niacin folate និងវីតាមីន B6 ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងប្រសើររឹងមាំផងដែរ។
៥. គ្រាប់ធញ្ញជាតិ
ក៏ដូចទៅនឹងត្រីសម្បូរខ្លាញ់ដែរ គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជក៏ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីនដែលប្រសើរចំពោះសុខភាពបេះដូងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីចៀសផុតពីហានិភ័យនៃជំងឺបេះដូង។ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៦. ឪឡឹក
ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។
៧. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយខ្លាញ់ល្អ (monounsaturated fats) និងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ លើសពីនេះទៅទៀតផ្លែបឺរ ក៏ជាប្រភពនៃវីតាមីន C សារធាតុ carotenoids និងជាតិសសៃផងដែរ។ carotenoids ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសសៃឈាមបេះដូង។ ខណៈដែលជាតិសសៃជួយដល់រាងកាយក្នុងការស្រូបយកនូវសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។
៨. ប្រេងអូលីវសុទ្ធ
ប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ូលមិនល្អ។
៩. បន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិដែក វីតាមីន C វីតាមីន A និងជាតិម៉ាញ៉េស្យូមដែលមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង៕