ការថែរក្សាជាតិស្ករក្នុងឈាមបានល្អធម្មតាគឺជារឿងសំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ មានន័យថាអ្នកត្រូវតេមានតុល្យភាពនូវអ្វីដែលអ្នកញ៉ាំ ដោយធ្វើយ៉ាងណាញ៉ាំក្នុងកម្រិតមធ្យមខណៈពេលដែលត្រូវការលេបថ្នាំឲ្យទៀងទាត់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំងឺទឹកនោមផ្អែមភាគច្រើនគឺមានបញ្ហាលើសជាតិស្ករក្នុងឈាមខ្លាំងក្រោយញ៉ាំអាហាររួច។ វាក៏ជារឿងធម្មតាដែរក្នុងការជួបបញ្ហាលើសស្ករតិចតួចក្រោយបាយហើយ។ ប៉ុន្តែបើសិនជាការលើសនេះវាខ្លាំងពេក វាអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរបាន។ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការការលើសជាតិស្ករខ្លាំងក្នុងឈាម។ បើសិនជាអ្នករស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២ ចូរពិចារណាទៅលើគន្លឹះញ៉ាំអាហារដូចខាងក្រោមនេះ៖
ចាប់ផ្តើមជាមួយនឹងប្រូតេអ៊ីន
រាងកាយអ្នកត្រូវការប្រូតេអ៊ីនសម្រា់បង្កើតថាមពលជាមួយនឹងខ្លាញ់ និងកាបូអ៊ីដ្រាត។ ការស្រាវជ្រាវបានបង្ហាញថា របបអាហារមានជាតិប្រូតេអ៊ីនខ្ពស់ ជាពិសេសអាហារពេលព្រឹកប្រហែលជាអាចជួយដល់អ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ ឧទាហរណ៍ ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Nutrition បានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមដែលបានញ៉ាំប្រូតេអ៊ីន ២៥ ទៅ ៣០ក្រាមសម្រាប់អាហារពេលព្រឹក ឃើញថាអាចបន្ថយការឡើងជាតិស្ករក្នុងឈាមក្រោយបាយបានល្អជាងអ្នកញ៉ាំតិច ដែលរឿងនេះកើតឡើងទាំងអាហារពេលព្រឹក និងថ្ងៃត្រង់។
បញ្ចូលជាតិសរសៃឲ្យបានច្រើន
របបអាហារសម្បូរជាតិសរសៃជាពិសេសសរសៃរលាយ ត្រូវបានគេបង្ហាញថា អាចបន្ថយការឡើងខ្ពស់របស់ជាតិស្ករក្នុងឈាមក្រោយបាយរួច ដែលជាហេតុធ្វើឲ្យវាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជាតិសរសៃនឹងជំរុញដល់សុខភាពរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរ។ ការស្រាវជ្រាវបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមដែលញ៉ាំជាតិសរសៃគ្រប់គ្រាន់រាល់ថ្ងៃ អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អជាងអ្នកមិនបានញ៉ាំគ្រប់។ មនុស្សធំគួរតែញ៉ាំជាតិសរសៃពី ២០ ទៅ ៣៥ក្រាមជារៀងរាល់ថ្ងៃ។
រៀបគម្រោងទុកជាមុន
ការរៀបគម្រោងធ្វើម្ហូបទុកជាមុនគឺចាការគ្រប់គ្រងជំងឺទឹកនោមផ្អែមដ៏ល្អមួយ។ វានឹងជួយអ្នកបង្កើតបាននូវអាហារដែលមានតុល្យភាព និងសុខភាពល្អ ព្រមទាំងអាចជួយរក្សាជាតិស្ករក្នុងឈាមបានយ៉ាងល្អទៀត។ អ្នកគួរតែញ៉ាំបន្លែគ្មានជាតិអាមីដុងកន្លះចាន ប្រូទេអ៊ីនមួយភាគបួននៃចាន និងអាមីដុងមួយភាគបួននៃចាន។ អ្នកក៏គួរតែញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ឬផ្លែឈើមួយពេល។ រឿងនេះនឹងជួយឲ្យអ្នកញ៉ាំអាហារកាន់តែមានតុល្យភាព។
ញ៉ាំទឹកឲ្យបានច្រើន
ការថែរក្សាខ្លួនឯងតាមរយៈការញ៉ាំទឹកគ្រប់គ្រាន់អាចជួយបង្ការការឡើងខ្ពស់របស់ជាតិស្ករក្នុងឈាមបាន។ នៅពេលអ្នកមិនញ៉ាំទឹកគ្រប់គ្រាន់ រាងកាយនឹងផលិតជាសារធាតុ Vaspressin ដែលជាអ័រម៉ូនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងកាន់តែខ្ពស់។ ការញ៉ាំទឹកមុនបាយអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និងបន្ថយការញ៉ាំច្រើនជ្រុលបាន។ ចូរប្រាកដថា អ្នកបានញ៉ាំទឹកធម្មតាជាងទឹកផ្អែម ឬទឹកក្រូចកំប៉ុងផ្សេងៗ៕