បញ្ហាបេះដូងជាកត្តាចម្បងបំផុតមួយដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់អាយុជីវិត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរក្សាបាននូវសុខភាពបេះដូងល្អប្រសើរ គឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល ៖

១. ដឹងថាតើអ្នកប្រឈមមុខខ្ពស់ប៉ុណ្ណានឹងហានិភ័យនៃជំងឺបេះដូង។ វ័យ ហ្សែន របៀបរបបក្នុងការរស់នៅ និងប្រវត្តិគ្រួសារអាចបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

២. កត់សម្គាល់អំពីស្ថានភាពនៃសុខភាពរបស់អ្នក ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺណាមួយដែលបង្កើនហានិភ័យនៃបញ្ហាបេះដូង។ ចូរជួបពិនិត្យជាមួយគ្រូពេទ្យឱ្យបានទៀងទាត់។ ជំងឺទឹកនោមផ្អែមនិងជំងឺធាត់ជ្រុលបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ក៏ដូចជាជំងឺស្ទះសសៃឈាមបេះដូង។

៣. បញ្ឈប់ការជក់បារីនិងការពារខ្លួនពីការហិតផ្សែងបារីអ្នកដទៃ។

៤. រក្សាតុល្យភាពនៃសម្ពាធឈាម។ ទិញប្រដាប់វាស់សម្ពាធឈាម ហើយឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន។ ប្រសិនបើមានភាពមិនប្រក្រតីកើតឡើងកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។

៥. កម្រិតការទទួលទានជាតិកាឡូរីដើម្បីសម្រកទម្ងន់ដែលលើសចេញខ្លះ។ ការឡើងទម្ងន់ខ្លាំងបង្កើនហានិភ័យនៃជំងឺបេះដូង។ ទោះជាយ៉ាងណាត្រូវប្រយ័ត្ន! ការស្រកទម្ងន់ភ្លាម ឬកង្វះកាឡូរីក្នុងរាងកាយក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូងដែរ។

៦. រក្សាកម្រិតកូឡេស្តេរ៉ូល។ កូឡេស្តេរ៉ូលមិនល្អកើនឡើងនឹងបង្កើនហានិភ័យនៃជំងឺបេះដូង។

៧. ធ្វើលំហាត់ប្រាណជាប្រចាំ។ អ្នកមិនចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយ ត្រឹមការដើរយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃក៏ប្រសើរចំពោះសុខភាពបេះដូងណាស់ទៅហើយ។ ការជិះកង់ក៏ជាលំហាត់ប្រាណដ៏ល្អផងដែរ! ការជិះកង់ជួយពង្រឹងសាច់ដុំបេះដូង បញ្ចុះសម្ពាធឈាម និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អដែលសុទ្ធតែជាកត្តាសំខាន់ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរចៀសផុតហានិភ័យនៃជំងឺបេះដូង ឬសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។

៨. ព្យាយាមគ្រប់គ្រង ឬកាត់បន្ថយស្ត្រេស។ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងមួយនៃបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។

៩. កុំប្រើប្រាស់ថ្នាំផ្ដេសផ្ដាសគ្មានវេជ្ជបញ្ជា។ ធ្លាប់ដឹងទេថាការប្រើប្រាស់ថ្នាំដោយខ្លួនឯងជះឥទ្ធិពលមិនល្អគួរឱ្យបារម្ភចំពោះសុខភាពរាងកាយទាំងមូល?

១០. បញ្ឈប់ ឬកម្រិតការទទួលទានគ្រឿងស្រវឹង។ នោះក៏ព្រោះតែការទទួលទានគ្រឿងស្រវឹងច្រើនជះឥទ្ធិពលដល់សម្ពាធឈាមដែលបង្កបញ្ហានៃជំងឺបេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង