ទំនាក់ទំនងស្នេហាតែងមានផលវិបាកចៀសមិនផុតឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធាន ៤ យ៉ាងនៃទំនាក់ទំនងស្នេហាដែលអ្នកមិនគួរបំពានដើម្បីរក្សាសុភមង្គល ក៏ដូចជាចំណងស្នេហ៍រឹងមាំ ៖
១. អ្នកមិនអាចបង្ខំនរណាឱ្យមកស្រឡាញ់អ្នករហូតនោះទេ
តាមពិតទៅមនុស្សយើងគ្មានជាប់កាតព្វកិច្ចអ្វីនឹងត្រូវតបស្នងក្ដីស្រឡាញ់វិញឡើយ។ វាពិបាកណាស់នឹងបង្ខំខ្លួនឯងឱ្យស្រឡាញ់អ្នកដែលយើងមិនស្រឡាញ់ទោះបីម្នាក់នោះស្រឡាញ់យើងខ្លាំងប៉ុណ្ណាក៏ដោយ! ប៉ុន្តែមិនថាយ៉ាងណាយើងត្រូវតែផ្ដល់ការគោរពដល់អារម្មណ៍និងជម្រើសរបស់អ្នកដទៃ។ អ្វីដែលអ្នកគួរធ្វើ គឺគ្រាន់តែធ្វើខ្លួនឱ្យប្រសើរ ហើយអ្នកដែលព្យាយាមតាមស្រឡាញ់អ្នកនឹងធ្វើការពិចារណាថាតើអ្នកជាមនុស្សដែលមានតម្លៃសមនឹងការព្យាយាម ក៏ដូចជាទំហំនៃការស្រឡាញ់របស់គេឬអត់ជាមិនខាន។
២. ប្រសិនបើគេស្រឡាញ់អ្នក អ្នកនឹងមានអារម្មណ៍ដឹង
គ្រប់គ្នាសុទ្ធតែអាចមានអារម្មណ៍ដឹងអំពីទង្វើ ឬសកម្មភាពល្អៗពីនរណាម្នាក់ចំពោះខ្លួន។ ពិតណាស់ មិនថាវាកើតឡើងដោយបែបម៉េចក៏ដោយ អ្នកប្រាកដជាអាចសម្គាល់ឃើញការបារម្ភខ្វាយខ្វល់ ការផ្ដល់ពេលវេលានិងការគោរពរបស់អ្នកដទៃមកលើអ្នក។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកហាក់ដូចជាតែងតែខ្វះពេលចំពោះអ្នកញឹកញាប់នោះ អ្នកគួរទទួលទានស្គាល់ការពិត ហើយឈប់រកលេសកុហកខ្លួនឯងដើម្បីគេទៀតទៅ។
៣. ស្រឡាញ់អ្នកដទៃមិនមែនមានន័យថាត្រូវស្រឡាញ់ខ្លួនឯងតិចជាងឡើយ
អ្នកត្រូវដឹងថានៅពេលស្រឡាញ់នរណាម្នាក់ វាមិនមែនមានន័យថាអ្នកចាំបាច់ត្រូវលះបង់គ្រប់យ៉ាងរបស់ខ្លួនឯង ហើយស្របតាមមនុស្សដែលអ្នកស្រឡាញ់រហូតទេ។ ពិតណាស់ការលះបង់និងស្របតាមគ្នា គឺជាចំណុចសំខាន់ក្នុងការរក្សាទំនាក់ទំនង ប៉ុន្តែក៏មិនគួរបន្ថយការស្រឡាញ់ខ្លួនឯងដើម្បីតែនរណាម្នាក់ឡើយ។ អ្នកក៏ចាំបាច់ត្រូវដឹងអំពីភាពខុសគ្នានៃពាក្យអត្មានិយមនិងការស្រឡាញ់ខ្លួនឯង។ អ្នកមិនគួរផ្លាស់ប្ដូរខ្លួនឯងដើម្បីអោយដូចនរណាម្នាក់ ឬគ្រាន់តែដើម្បីទទួលបានការស្រឡាញ់ពីគេនោះទេ។ អ្នកគួរចេះទទួលស្គាល់ ឬទទួលយកខ្លួនឯងជាខ្លួនឯង។ នៅពេលអ្នកដឹងថាគួរស្រឡាញ់ខ្លួនឯងបែបណា អ្នកក៏អាចនឹងផ្ដល់ការស្រឡាញ់ពោរពេញដោយការគោរពនោះដល់អ្នកដទៃ ក៏ដូចជាដៃគូ ហើយនឹងមិនធ្វើអ្វីប្រឆាំងឆន្ទៈរបស់ពួកគេទេ។
៤. កុំព្យាយាមឃាត់អ្នកដែលអស់ចិត្តពីអ្នកទៅហើយ
ពិបាកនឹងទទួលយកបន្តិច ប៉ុន្តែគ្មាននរណាម្នាក់មានកាតព្វកិច្ចត្រូវស្រលាញ់អ្នកជារៀងរហូតឡើយ! បើគេអស់ចិត្តស្រឡាញ់ទៅហើយមិនថាអ្នកព្យាយាមធ្វើយ៉ាងណា ក៏មិនអាចឃាត់គេបានដែរ។ ដើម្បីសេចក្ដីសុខខ្លួនឯង ចូរដោះលែងគេទៅដោយព្យាយាមភ្លេចរឿងចាស់ៗ ហើយចាប់ផ្ដើមជាថ្មី។ ពេលខ្លះការបញ្ចប់ទំនាក់ទំនងហើយកាត់ចិត្ត គឺជាជម្រើសដ៏ប្រសើរបំផុត។ អ្នកគួរដឹងថាគ្រប់ពេលដែលបានចំណាយក្នុងទំនាក់ទំនងមួយ គឺមិនបានខ្ជះខ្ជាយឥតប្រយោជន៍៕