ប្រូបាយអូទិចគឺជាអាហារដ៏ពេញនិយមបំផុតមួយដោយសារតែវាមានប្រយោជន៍ចំពោះសុខភាព។ មានមេរោគមានជីវិតច្រើនដែលរស់នៅក្នុងពោះដើម្បីផ្តល់សុខភាពល្អដល់ប្រព័ន្ធរំលាយអាហារ ព្រមទាំងបង្កើនមុខងារប្រព័ន្ធភាពស៊ាំទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញវាត្រូវបានគេរកឃើញក្នុងអាហារដូចចា យ៉ាអួ ឬគីមឈី ហើយក៏មានជាអាហារបំប៉នផងដែរ។ ប្រូបាយអូទិចប្រហែលជាមានឥទ្ធិពលវិជ្ជមានចំពោះរាងកាយបើសិនជាអ្នកញ៉ាំវាជាទៀងទាត់។ យ៉ាងណាមិញ តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីប្រយោជន៍ចំពោះសុខភាពមួយចំនួននៃការញ៉ាំប្រូបាយអូទិចមុនបាយថ្ងៃត្រង់ជារៀងរាល់ថ្ងៃ៖
សុខភាពពោះវៀន
កត្តាមួយចំនួនដូចជា ជំងឺ ការលេបថ្នាំ (ថ្នាំផ្សះ) និងរបបអាហារមិនផ្តល់សុខភាពអាចបង្កជាអតុល្យភាពបាក់តេរីក្នុងពោះវៀន ដែលជាហេតុនាំឲ្យមានបញ្ហានៃការរំលាយអាហារ និងបញ្ហាសុខភាពផ្សេងៗទៀត។ ប្រូបាយអូទិចមានបាក់តេរីល្អដែលអាចជួយស្តាតុល្យភាពបាក់តេរីក្នុងពោះវៀន និងបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ ការសិក្សាជាច្រើនបានបង្ហាញថា ប្រូបាយអូទិចអាចជួយបង្ការ និងព្យាបាលភាពរាករូសដោយសារថ្នាំផ្សះបាន។ វាត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីបន្ថយអាការៈក្រពះពោះវៀនដូចជា ផោមច្រើន ហើមពោះ និងទល់លាមក។
សុខភាពបេះដូង
ប្រូបាយអូទិចប្រហែលជាបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់បាន ដូច្នេះហើយវានឹងធ្វើឲ្យបេះដូងមានសុខភាពកាន់តែល្អ។ ការស្រាវជ្រាវបានឲ្យដឹងថា បាក់តេរីដែលផលិតឡាក់ទិចអាស៊ីត និងប្រើជាប្រូបាយអូទិចជាញឹកញាប់ក្នុងអាហារ ប្រហែលជាជួយបន្ថយកម្រិតកូឡេស្តេរ៉ុលបាន តាមរយៈការរំលាយទឹកប្រមាត់ក្នុងពោះវៀន។
ស្ករក្នុងឈាម
ការស្រាវជ្រាវក៏បានបញ្ជាក់ថា ប្រូបាយអូទិចអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងកម្រិតអាំងស៊ុយលីនលើអ្នកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាទៅលើសត្វបានបង្ហាញថា Lactobacillus Acidophilus និង L. Casei ប្រហែលជាជួយពង្រឹងដល់ការធុងនឹងជាតិស្ករ ព្រមទាំងបញ្ចុះជាតិស្ករដែលកំពុងតែលើសទៀតផង។ អ្នកជំនាញជាច្រើនជឿថា ប្រូបាយអូទិចប្រហែលជាផ្តល់ប្រយោជន៍មួយចំនួនដល់ជំងឺទឹកនោមផ្អែមទោះបីជាវាទំនងជាធ្វើឲ្យពោះវៀន និងប្រព័ន្ធភាពស៊ាំមានសុខភាពជាងទឹកនោមផ្អែមក៏ដោយ។
ប្រព័ន្ធភាពស៊ាំ
គេនិយាយថា ប្រូបាយអូទិចប្រហែលជាជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំតាមរយៈការទប់ស្កាត់ការលូតលាស់របស់បាក់តេរីគ្រោះថ្នាក់ក្នុងពោះវៀន។ ការសិក្សាបានឲ្យដឹងថា ប្រូបាយអូទិចខ្លះប្រហែលជាជំរុញឲ្យកោសិកាប្រព័ន្ធភាពស៊ាំដូចជា IgA ផលិតកោសិកា T Lymphocytes និង Natural Killer Cells។ ដូច្នេះការជ្រើសរើសប្រូបាយអូទិចជារបបអាហារប្រចាំថ្ងៃប្រហែលជាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន ព្រមទាំងការពារពីការបង្ករោគថែមទៀត។
សុខភាពផ្លូវដង្ហើម
ប្រូបាយអូទិចក៏ប្រហែលជាបង្ការ ឬបន្ថយការប្រឈមនឹងការឆ្លងជំងឺផ្លូវដង្ហើមបាន។ ឧទាហរណ៍ ការសិក្សាមួយបានបង្ហាញថា ការញ៉ាំប្រូបាយអូទិច Lactobacillus GG ជាទៀងទាត់អាចបន្ថយភាពញឹកញាប់ និងធ្ងន់ធ្ងរនៃការបង្ករោគលើកុមារបាន ១៧ភាគរយ។
ខណៈពេលដែលការណែនាំខ្លះនិយាយអំពីការញ៉ាំប្រូបាយអូទិចនៅពេលពោះទទេ តែខ្លះទៀតនិយាយថាញ៉ាំពេលមានអាហារ។ យោងទៅតាមអ្នកជំនាញខាងអាហារូបត្ថម្ភបានឲ្យដឹងថា ពេលវេលាល្អបំផុតក្នុងការញ៉ាំប្រូបាយអូទិចគឺមុនពេលបាយ ឬពេលអ្នកចាប់ផ្តើមញ៉ាំអាហារ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ម៉្យាងវិញទៀត ការសិក្សានិយាយថា Lactobacillus និង Bifidobacterium មានជីវិតរស់នៅល្អបំផុតនៅពេលញ៉ាំ៣០នាទីមុនបាយ៕