Join with Health.com.kh on Telegram

ទោះបីជាភាគច្រើននៃពួកយើងចូលចិត្តនិងឧស្សាហ៍ញ៊ាំសាច់មាន់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើសាច់មាន់អាចផ្ដល់ផលល្អយ៉ាងណាខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលសាច់មាន់ក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន

ក្រៅពីសំខាន់សម្រាប់សាច់ដុំហើយនោះ ថាតើអ្នកធ្លាប់ដឹងទេថាប្រូតេអ៊ីនក៏ចាំបាច់ចំពោះសុខភាពរាងកាយទាំងមូលផងដែរ? ជាឧទាហរណ៍រាងកាយត្រូវការប្រូតេអ៊ីនដើម្បីផលិតអ័រម៉ូន។ ប្រូតេអ៊ីនថែមទាំងសំខាន់សម្រាប់រក្សាសុខភាពសក់ ក្រចក និងស្បែកគួរឱ្យកត់សម្គាល់។

២. ជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ

សាច់មាន់ជាប្រភពដ៏ប្រសើរនៃសារធាតុ tryptophan ដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបញ្ហានៃជំងឺថប់បារម្ភនិងស្ត្រេស។ ទោះជាយ៉ាងណាគួរជ្រើសរើសទទួលទានសាច់ទ្រូងក៏ព្រោះវាជាផ្នែកដែលសម្បូរទៅដោយសារធាតុ tryptophan។ ចៀសវាងទទួលទានស្បែកមាន់ច្រើនដើម្បីកាត់បន្ថយបិរមាណនៃខ្លាញ់ saturated និងកូឡេស្តេរ៉ូល។

៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

សាច់មាន់មានផ្ទុកប្រូតេអ៊ីនខ្ពស់ ប៉ុន្តែជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលទាបដែលល្អណាស់សម្រាប់សុខភាពបេះដូង។ សាច់មាន់ជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកដែលងាយប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង។

៤. ទប់ស្កាត់ជំងឺពុកឆ្អឹង

វាជាការពិតដែលជាតិកាល់ស្យូម គឺចាំបាច់ណាស់សម្រាប់ពង្រឹងសុខភាពឆ្អឹង ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថារាងកាយក៏ត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ផងដែរដើម្បីរក្សាសុខភាពឆ្អឹងរឹងមាំ? កុំផ្ដោតតែលើការទទួលទានសម្បូរទៅដោយកាល់ស្យូមប្រសិបើអ្នកចង់ចៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង! អ្នកក៏គួររួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនដូចជាសាច់មាន់ក្នុងរបបអាហារផង។ ជាតិខ្លាញ់ទាបនៃសាច់មាន់ក៏មិនធ្វើឱ្យអ្នកកើនទម្ងន់ដែលមិនល្អសម្រាប់ឆ្អឹងនិងស​ន្លាក់ដែរ។ ម្យ៉ាងវិញទៀតសាច់មាន់ក៏មានផ្ទុកជាតិរ៉ែ phosphorus ដែលសំខាន់សម្រាប់ពង្រឹងសុខភាពឆ្អឹងនិងធ្មេញ។

៥. ពន្លឿនការដុតរំលាយអាហារ

កំពុងព្យាយាមសម្រកទម្ងន់ដែលលើសមែនទេ? ងាយណាស់! កុំភ្លេចរួមបញ្ចូលសាច់ទ្រូងមាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ សាច់មាន់ជាប្រភពដ៏ល្អនៃប្រូតេអ៊ីននិងវីតាមីន B6 ដែលផ្ដល់ថាមពលបន្ថែម ព្រមទាំងជួយពន្លឿនការដុតរំលាយអាហារ។ សាច់មាន់ជួយឱ្យឆាប់ឆ្អែតចៀសផុតការទទួលទានច្រើនហួស។

សម្គាល់៖ ដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានសាច់ទ្រូងមាន់និងកុំញ៊ាំស្បែកមាន់ច្រើន