គ្មាននរណាម្នាក់ចង់មានក្លៀកខ្មៅសុទ្ធតែរោមឡើយ ហេតុនេះហើយទើបពួកគេសម្រេចចិត្តកោររោមនិងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីធ្វើអោយក្លៀកប្រែជាសរលោងស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាផលិតផលមួយចំនួនធំដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុគីមីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិងាយៗជួយអោយក្លៀក ផ្នែកខាងក្នុងនៃភ្លៅ និងកប្រែជាសឆាប់រហ័ស៖
១. ក្រូចឆ្មារនិងម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ baking soda ជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ រួចលាបដុសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តអោយបាន ១ ឬ ២ ដងក្នុងមួយសប្តាហ៍។
២. ម្សៅ Baking soda លាយប្រេងអូលីវនិងអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយប្រេងអូលីវ និងអំបិលឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
៣. ស្ករសនិងប្រេងដូង
លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀក ត្រង់តំបន់ក និងផ្នែកខាងក្នុងនៃភ្លៅសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។
៤. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ចំណិតក្រូចឆ្មារដុសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់មុនពេលងូតទឹក។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសិន សឹមលាងសម្អាតចេញ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយក៏ព្រោះក្រូចឆ្មារអាចធ្វើឱ្យស្បែកស្ងួត។
៥. ប្រេងដូងនិងទឹកក្រូចឆ្មារ
លាយប្រេងដូងពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារចំនួនម្ខាង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី ឬយូរជាងនេះ។ លាងសម្អាតចេញជាមួយទឹកធម្មតា។
៦. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ រួចទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី ឬដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច៕