សន្លាក់ឆ្អឹងរឹងមាំមានសុខភាពល្អ គឺចាំបាច់ណាស់សម្រាបមនុស្សគ្រប់រូបក្នុងការធ្វើចលនាផ្សេងៗ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ទោះជាយ៉ាងណាស្ថានភាពនៃសន្លាក់ប្រែប្រួលទៅតាមវ័យ ប៉ុន្តែក៏មានគន្លឹះមួយចំនួនអាចជួយពង្រឹងសន្លាក់តាមបែបធម្មជាតិផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានប្រសិទ្ធភាពជួយពង្រឹងសុខភាពសន្លាក់ ៖

១. ខ្ទឹមសនិងខ្ទឹមបារាំង

ការរួមបញ្ចូលខ្ទឹមសនិងខ្ទឹមបារាំងក្នុងរបបអាហារអាចជួយឱ្យអ្នករក្សាបាននូវសុខភាពសន្លាក់រឹងមាំប្រសើរ។ នេះក៏ព្រោះតែខ្ទឹមសនិងខ្ទឹមបារាំងមានផ្ទុកសមាសធាតុ sulfuric ដែលជួយប្រយុទ្ធប្រឆាំងការរលាក។

២. ផ្លែប៉ោមក្រហម

ប៉ោមក្រហម មានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុប្រឆាំងការរលាកមួយទៀតហៅថា quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង ក៏ដូចជាបន្ធូរអាការៈនៃជំងឺរលាកសន្លាក់ផងដែរ។

៣. គ្រាប់អាល់ម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងអាការៈឈឺចាប់សន្លាក់និងប្រឆាំងការរលាក។

៤. ម្នាស់

បរិមាណនៃវីតាមីន C និងសារធាតុ bromelain ក៏ជួយដោះស្រាយបញ្ហារលាកសន្លាក់បានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយអាការៈហើមឈឺសន្លាក់។ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង បន្ទាប់ពីធ្វើលំហាត់ប្រាណ អ្នកអាចទទួលទានទឹកផ្លែម្នាស់ស្រស់ ១ កែវ ដើម្បីកាត់បន្ថយការឈឺចាប់។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ចូរជ្រើសរើសទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ដែលស្រស់។

៥. ផ្លែក្រូច

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និងទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។  ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង ឆ្អឹងខ្ចី និងធ្មេញ។

៦. គ្រាប់ផ្កាឈូករ័ត្ន

ក្រៅពីគ្រាប់ធញ្ញជាតិហើយនោះ គ្រាប់ពូជដូចជាគ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសន្លាក់ផងដែរ។

៧. ទំពាំងបាយជូរ

ផ្លែឈើនេះមានសារធាតុ resveratrol ខ្ពស់ដែលជួយប្រយុទ្ធប្រឆាំងនឹងការរលាកគួរឱ្យកត់សម្គាល់។ ទំពាំងបាយជូរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ proanthocyanidin ចាំបាច់ក្នុងការកាត់បន្ថយឥទ្ធិពលនៃជំងឺរលាកសន្លាក់ផងដែរ។

៨. ផ្លែចេក

ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធិភាពជួយបង្កើនដង់ស៊ីតេឆ្អឹង។ លើសពីនេះទៅទៀត ជាតិម៉ាញ៉េស្យូម ក៏អាចជួយបំបាត់ការឈឺចាប់ផងដែរ ប្រសិនបើអ្នកមានបញ្ហារលាកសន្លាក់ធ្ងន់ធ្ងរ។

៩. ល្ហុង

មានផ្ទុកអង់ស៊ីម papain ដែលជួយប្រយុទ្ធប្រឆាំងការរលាក។ ល្ហុងក៏ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជួយរក្សាជាលិកាសន្លាក់គួរឱ្យកត់សម្គាល់។

១០. ផ្កាខាត់ណាខៀវ

ប្រូខូលី ឬផ្កាខាត់ណាខៀវ មានផ្ទុកសារធាតុ sulfuric ជួយរារាំងអង់ស៊ីមដែលផ្សារភ្ជាប់ជាមួយការរលាកសន្លាក់ និងការបំផ្លាញ។

១១. រមៀត

អ្នកជំនាញជាច្រើនបាននិយាយថា រមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ រមៀតមានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។

១២. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols និង epigallocatechin-3-gallate ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ដូច្នេះដើម្បីជៀសផុតក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ ចូរទទួលទានតែបៃតងជាប្រចាំ៕