Join with Health.com.kh on Telegram

មេឡាតូនីន គឺជាអ័រម៉ូនមួយដែលត្រូវបានបញ្ចេញដោយក្រពេញ pineal ស្ថិតនៅក្នុងខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មេឡាតូនីនអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនរួមបញ្ចូលទាំងជួយការពារសុខភាពបេះដូង ទប់ស្កាត់ជំងឺមហារីក និងដើរតួយ៉ាងសំខាន់ក្នុងវដ្ដនៃការគេង។ អ្នកដែលមានបញ្ហាខ្វះអ័រម៉ូនមេឡាតូនីន គឺពិបាកនឹងគេងលក់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនការផលិតអ័រម៉ូនមេឡាតូនីន ៖

១. ផ្លែម្នាស់

ជាផ្លែឈើដ៏ល្អបំផុតមួយបង្កើនការផលិតអ័រម៉ូនមេឡាតូនីន។ ការទទួលទានផ្លែម្នាស់ក៏ជួយទប់ស្កាត់បញ្ហាគេងមិនលក់បានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាមិនគួរទទួលទានច្រើនពេកឡើយ ពិសេសនៅពេលយប់ចៀសវាងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ក្រៅពីល្អសម្រាប់ការបង្កើនអ័រម៉ូនមេឡាតូនីន ម្នាស់ក៏មានផ្ទុកវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ លើសពីនេះទៅទៀតសារធាតុ bromelain នៃផ្លែម្នាស់អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ផងដែរ ជាពិសេសជំងឺមហារីកពោះវៀនធំ។

២. ផ្លែឈើរី

ក្រៅពីជួយជម្រុញការផលិតអ័រម៉ូនមេឡាតូនីនហើយនោះ ផ្លែឈើរីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនពិសេសជំងឺធាត់ជ្រុលនិងជំងឺមហារីក។

៣. ផ្លែចេក

ជាផ្លែឈើដ៏ល្អបំផុតមួយទៀតដែលជួយជម្រុញការផលិតអ័រម៉ូនមេឡាតូនីន។ ផ្លែចេកជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូ tryptophan ដែលជួយឱ្យស្ងប់អារម្មណ៍និងឆាប់គេងលក់។ ការទទួលទានផ្លែចេកក៏ល្អសម្រាប់រក្សាសុខភាពរាងកាយទាំងមូលកាតបន្ថយហានិភ័យនៃជំងឺជាច្រើនផ្សេងទៀតផងដែរ។

៤. ផ្លែក្រូច

ការទទួលទានក្រូចច្របាច់ស្រស់មួយកែវជាវិធីដ៏ងាយបំផុតដើម្បីបង្កើនការផលិតអ័រម៉ូនមេឡាតូនីននៃក្រពេញ pineal។ ក្រូចក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយនិងជួយរក្សាសុខភាពស្បែកផងដែរ។

៥. ផ្លែប៉េងប៉ោះ

ការទទួលទានផ្លែប៉េងប៉ោះក៏ជួយបង្កើនការផលិតអ័រម៉ូនមេឡាតូនីនគួរឱ្យកត់សម្គាល់ផងដែរ។ លើសពីនេះទៅទៀតប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ វីតាមីន C និងប៉ូតាស្យូម ក្នុងប៉េងប៉ោះក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ រួមទាំងល្អសម្រាប់សុខភាពបេះដូងផងដែរ៕