ការញ័រទ្រូងអាចជាសញ្ញាមួយបញ្ជាក់អំពីជំងឺបេះដូងដែលធ្ងន់ធ្ងរ ជាពិសេសបើសិនជាវាកើតឡើងជាមួយនឹងអាការៈផ្សេងៗទៀតដូចជា ចង្អោ ក្អួត វិលមុខ បែកញើសខ្លាំង ឈឺទ្រូង ព្រឹលភ្នែក និងពិបាកដកដង្ហើម ប៉ុន្តែភាគច្រើន ការញ័រដើមទ្រូងអាចជាសប្រតិកម្មដ៏សាមញ្ញមួយនៃរាងកាយ ដែលវាកើតឡើងទៅលើភាពស្រ្តេស អស់កម្លាំង ថប់អារម្មណ៍ និងការញ៉ាំថ្នាំ គ្រឿងស្រវឹង និងភេសជ្ជៈសម្បូរជាតិកាហ្វេអ៊ីន។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនទាន់ចង់ប្រើថ្នាំព្យាបាលការញ័រទ្រូងទេ អ្នកក៏អាចសាកល្បងវិធីខាងក្រោមនេះក៏បានដែរ៖

ក្អក

មធ្យោបាយដ៏មានប្រសិទ្ធភាព និងសាមញ្ញបំផុតមួយដើម្បីឲ្យចង្វាក់បេះដូងវិលមកធម្មតាវិញគឺធ្វើក្អកពីរបីដង។ វានឹងធ្វើឲ្យកើនសម្ពាធទៅក្នុងទ្រូង ដូច្នេះវានឹងបញ្ឈប់ចង្វាក់បេះដូងដែលលោតខុសធម្មតាបានហើយ។ 

ដកដង្ហើមជ្រៅៗ និងយឺតៗ

បើសិនជាបញ្ហាញ័រទ្រូងបង្កឡើងដោយការថប់អារម្មណ៍ ឬភ័យខ្លាចខ្លាំង ការដកដង្ហើមជ្រៅៗអាចនឹងមានប្រយោជន៍ច្រើនហើយ។ គ្មានអ្វីអាចបញ្ឈប់ការញ័រទ្រូងដោយសារតែការថប់អារម្មណ៍ ឬភ័យល្អជាងការដកដង្ហើមយឺតៗ និងជ្រៅៗឡើយ។ ចូរអង្គុយចុះ ហើយដកដង្ហើមចូលតាមច្រមុះយឺតរហូតដល់ពោះប៉ោង។ ហើយទប់ពីរបីវិនាទីសិន ចាំបញ្ចេញវិញតាមមាត់។ ចូរធ្វើបែបនេះពីរបីដងរហូតដល់បាត់ញ័រទ្រូង។ 

ញ៉ាំទឹក

មូលហេតុមួយនៃការញ័រទ្រូងគឺការខ្សោះជាតិទឹក ដែលវាអាចស្រួលបួលវិញដោយងាយតាមរយៈការញ៉ាំទឹកឲ្យបានច្រើន។ គេនិយាយថា ការជ្រើសរើសយកទឹកត្រជាក់ញ៉ាំគឺជារឿងល្អមួយ។ ការញ៉ាំទឹកត្រជាក់ៗនឹងធ្វើឲ្យទ្រូងត្រជាក់ ហើយក៏ជាវិធីជំរុញដល់បេះដូងលោតធម្មតាបានដែរ។ 

ងូតទឹកត្រជាក់

វាមិនសូវខុសគ្នានឹងការញ៉ាំទឹកត្រជាក់ទេ ការងូតទឹកត្រជាក់អាចធ្វើឲ្យរាងកាយត្រជាក់ ដែលជាហេតុនាំឲ្យបេះដូងលោតមកធម្មតាវិញដែរ។ បើសិនជាអ្នកមិនមានទឹកត្រជាក់ងូតទេ គ្រាន់តែប្រើទឹកត្រជាក់ជះមុខពីរបីដងក៏បានដែរ។ 

ញ៉ាំអាហារសម្បូរជាតិម៉ាញ៉េស្យូម

ការកង្វះជាតិម៉ាញ៉េស្យូមអាចធ្វើឲ្យញ័រដើមទ្រូងដែរ។ ហើយដូច្នេះហើយទើបបញ្ហានេះអាចការពារបានតាមរយៈការញ៉ាំអាហារសម្បូរជាតិម៉ាញ៉េស្យូមរាល់ថ្ងៃ។ ប្រភពដ៏អស្ចារ្យមួយចំនួននៃជាតិរ៉ែមួយនេះមានដូចជា បន្លែពណ៌បៃតង ស្ពៃស្ពីណាច គ្រាប់ធញ្ញជាតិ ផ្លែចេក ផ្លែបឺ និងយ៉ាអួរ៕