នាពេលបច្ចុប្បន្នភាគច្រើននៃពួកយើងសុទ្ធតែចង់ស្រកទម្ងន់ដើម្បីអាចទទួលបាននូវរូបរាងស្រស់ស្អាត! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាដើម្បីចៀសផុតបញ្ហាការស្រកទម្ងន់ក៏ត្រូវផ្អែកលើភេទនិងវ័យហើយស្របតាមកម្រិតដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៃការស្រកទម្ងន់លឿន ឬឆាប់រហ័សពេក ៖
១. វាអាចបង្កបញ្ហាផ្លោកនោម
នៅពេលអ្នកតមខ្លាំងនិងលឿនពេកបញ្ហាផ្លោកនោមក៏ងាយនឹងកើតឡើងផងដែរ។ ពិសេសបញ្ហាក្រួសក្នុងតម្រងនោមដោយសារកម្ទេចសារធាតុក្នុងប្រមាត់លេចឡើង។
២. វាអាចធ្វើឱ្យអ្នកបាត់បង់ម៉ាសនៃសាច់ដុំគ្មានខ្លាញ់
ការតមអាហារដើម្បីស្រកទម្ងន់ឆាប់រហ័សអាចជះផលប៉ះពាល់ដល់ជាលិកានៃសាច់ដុំគ្មានខ្លាញ់ដោយសារកាឡូរី ឬជាតិខ្លាញ់ត្រូវបានកាត់បន្ថយ។
៣. វាអាចធ្វើឱ្យអ្នកបាត់បង់ថាមពល
របបអាហារដើម្បីសម្រកទម្ងន់លឿនឆាប់រហ័សច្រើនតែគ្មានផ្ទុកជាតិកាបូអ៊ីដ្រាតឡើយ ប៉ុន្តែអ្នកត្រូវចាំថារាល់សាច់ដុំក្នុងរាងកាយដំណើរការបានប្រសើរនៅពេលទទួលបានជាតិកាបូអ៊ីដ្រាតគ្រប់គ្រាន់។ ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងសូម្បីតែនំប័ុងនោះហានិភ័យនៃការបាត់បង់ថាមពល គឺងាយនឹងកើតឡើងណាស់។ លើសពីនេះទៅទៀតអ្នកក៏អាចប្រឈមមុខនឹងបញ្ហាទល់លាមកផងដែរដោយសារកង្វះនៃជាតិសសៃនិងជាតិខ្លាញ់។
៤. វាអាចបង្កបញ្ហាពាក់ព័ន្ធនឹងការទទួលទាន
សម្រាប់អ្នកដែលធាត់ជ្រុល ឬលើសទម្ងន់ងាយនឹងទទួលទានកាឡូរីច្រើនជាងរាងកាយអាចដុតបំផ្លាញបាន។ ទោះជាយ៉ាងណាវាងាយនឹងធ្វើឱ្យអ្នកជួបប្រទះហានិភ័យនៃបញ្ហាពាក់ព័ន្ធការទទួលទាននៅពេលអ្នកចង់ស្រកទម្ងន់ភ្លាមៗផងដែរ។
៥. វាអាចបង្កបញ្ហាខ្វះវីតាមីននិងជាតិរ៉ែក្នុងរាងកាយ
វីតាមីននិងជាតិរ៉ែ គឺចាំបាច់ណាស់សម្រាប់រាងកាយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរនិងជួយដល់រាល់សរីរាង្គឱ្យដំណើរការមុខងារបានត្រឹមត្រូវ។ ភាគច្រើននៅពេលតមអាហារដើម្បីស្រកទម្ងន់ឆាប់រហ័សអ្នកប្រាកដជាដកអាហារមួយចំនួនចេញដែលជាហេតុធ្វើឱ្យរាងកាយងាយនឹងជួបប្រទះបញ្ហាខ្វះវីតាមីននិងជាតិរ៉ែចាំបាច់មួយចំនួន។
សម្គាល់៖ ការស្រកទម្ងន់ គឺល្អប្រសិនបើអ្នកមិនបង្ខំ ឬតមអាហារខ្លាំងពេកដើម្បីស្រកឆាប់រហ័ស។ ត្រូវចាំក្នុងចិត្តថាការស្រកទម្ងន់លឿនពេកអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត៕