លំពែង គឺជាផ្នែកនៃសរីរាង្គដ៏សំខាន់មួយរបស់ប្រព័ន្ធរំលាយអាហារ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាមិនត្រឹមតែគ្រប់គ្រងនិងបន្សាបអាហារមានជាតិអាស៊ីតដែលទទួលទានបានដោយក្រពះប៉ុណ្ណោះទេ អង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ លំពែងមានសុខភាពល្អជួយរក្សាកម្រិតត្រឹមត្រូវនៃការស្រូបយកជាតិស្ករនិងសម្រួលដល់ដំណើរការនៃការរំលាយអាហារធ្វើអោយអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ប៉ុន្តែនៅពេលលំពែងដំណើរការមុខងារមិនបានល្អថាតើបញ្ហាអ្វីនឹងអាចកើតឡើងខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាទាំងនោះ ៖
១. លាមកមានពណ៌ស្រាល
នេះក៏ព្រោះតែមុខងារចម្បងមួយនៃលំពែង គឺជួយសម្រួលដល់ដំណើរនៃការរំលាយអាហារ។ អ្នកអាចនឹងសម្គាល់ឃើញភាពប្រែប្រួលខុសប្រក្រតីនៃលាមកប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធជាមួយលំពែង។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា លាមករបស់អ្នកអាចនឹងមានពណ៌ស្រាលជាងធម្មតា ហើយងាយអណ្ដែត។ ប្រសិនបើអាការៈនេះកើតឡើងជាប្រចាំ ឬញឹកញាប់អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
២. ចង្អោរចង់ក្អួតនិងក្អួតក្រោយពេលញ៊ាំអាហារ
វាច្បាស់ណាស់ដែលប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងត្រូវជួបប្រទះបញ្ហានៅពេលមានអ្វីមួយខុសប្រក្រតីកើតឡើងចំពោះលំពែង។ ដូចបានបញ្ជាក់ខាងលើរួចមកហើយថាមុខងារចម្បងមួយនៃលំពែង គឺសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈចង្អោរចង់ក្អួតនិងក្អួតក្រោយពេលញ៊ាំអាហារពិសេសអាហារខ្លាញ់ៗនោះវាអាចជាអាការៈមួយនៃបញ្ហាលំពែងហើយ។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើអ្នកជួបប្រទះអាការៈនេះញឹកញាប់ចូរកុំស្ទាក់ស្ទើរនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៣. ឈឺចាប់ក្នុងពោះ
ជាពិសេសក្រោយពេលទទួលទាន! អាការៈនេះអាចកើតឡើងភ្លាមៗ ឬនៅថ្ងៃបន្ទាប់។ អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់ក្នុងពោះត្រង់ទីតាំងនៃលំពែង។
៤. ស្រកទម្ងន់ខ្លាំង
ករណីខ្លះបញ្ហាលំពែងអាចធ្វើឱ្យអ្នកបាត់បង់ចំណង់អាហារ។ ហើយណាមួយអ្នកងាយនឹងជួបប្រទះអាការៈឈឺចាប់ក្រោយពេលទទួលទានអាហារ ពិសេសអាហារខ្លាញ់ច្រើន។ ជាលទ្ធផលនៃការទទួលទានមិនបានត្រឹមត្រូវ អ្នកងាយនឹងស្រកទម្ងន់ខុសធម្មតា។ ប៉ុន្តែទោះបីចំណង់អាហាររបស់អ្នកប្រក្រតីក៏ដោយ ក៏អ្នកងាយនឹងស្រកទម្ងន់ដែរនៅពេលមានបញ្ហាលំពែង។
៥. កម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់
នេះក៏ព្រោះតែលំពែងបញ្ចេញអាំងស៊ុយលីនដែលជាអ័រម៉ូនមួយដែលសម្រួលចលនាជាតិស្ករពីក្នុងឈាមទៅកាន់រាល់កោសិកា។ ប្រសិនបើអាំងស៊ុយលីនមិនត្រូវបានបញ្ចេញ ឬផលិតគ្រប់គ្រាន់ទេនោះកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នកប្រាកដជាងាយនឹងឡើងខ្ពស់ខុសធម្មតាមិនខាន។ ជាលទ្ធផលហានិភ័យនៃជំងឺទឹកនោមផ្អែមក៏ខ្ពស់ដូចគ្នាដែរ៕